ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង រ័ត្ន រចនា កំពុងទទួលបានការចាប់អារម្មណ៏យ៉ាងច្រើនពីអតិថិជន តាមរយៈ បទម៉េម៉ាយសប្បាយចិត្ដ

206

ភ្នំពេញ៖ ច្រៀងបទ មេម៉ាយ សប្បាយចិត្ត ដែលជាសំនៀងដើមរបស់អ្នកស្រីប៉ែន រ៉ន នោះបានធ្វើឲ្យតារាចម្រៀង អ្នកនាង រ័ត្ន រចនា បានផ្លាស់ប្តូរជីវិតថ្មីដោយមានការទទួលស្វាគមន៍ច្រើនពីកម្មវិធីនានា ។ ថ្មីៗនេះនាងក៏បានថតបទចម្រៀងមួយនេះជាមួយនឹងទិដ្ឋភាព និងទឹកដមសំនៀងកាន់តែពិរោះរណ្តំ ។
ផ្តើមចេញពីការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមការប្រគំតន្ត្រីមួយនៅខេត្តស្វាយរៀងបានទាក់ទាញចិត្តអ្នកស្តាប់យ៉ាងខ្លាំង និងបានផ្លាស់ប្តូរជីវិតតារាចម្រៀងរ័ត្នរចនាដែលធ្លាប់តែច្រៀងក្នុងកម្មវិធីជប់លៀងតូចតាច និងតាមហាងផឹកស៊ីនោះឲ្យក្លាយជាអ្នកចម្រៀងអាជីពមានមុខមាត់ក្នុងសង្គមសិល្បៈ ។ តារាចម្រៀងស្រីវ័យ៣០រូប នេះលើកឡើងថា៖ នាងមិនដែលគិតថាខ្លួននាងទទួលបានការគាំទ្រ និងស្គាល់ច្រើនដូចពេលនេះពីមុនមកទេ ។ នាងបានបញ្ជាក់ថា៖ ស្ថានីយទូរទស្សន៍នានា ចាប់ផ្តើមអញ្ជើញនាងឡើងច្រៀង ហើយកម្មវិធីតន្ត្រីតូចធំជាច្រើនក៏ស្វាគមន៍នាងមិនដាច់នោះឡើយ ដែលពេលខ្លះនាងបានបដិសេធ មិនទទួលការងារដែលជាន់គ្នា ។ នាងក៏មិនអន់ចិត្តដែលដែលច្រៀងជិត២០ឆ្នាំមកហើយពោលគឺតាំងពីកុមារ ហើយមិនមានអ្នកស្គាល់ច្រើនទើបតែពេលនេះ ។ នាងថា៖ ប្រាក់ចំណូលពីការច្រៀងបច្ចុប្បន្នបាននឹងកំពុងធ្វើឲ្យនាងពេញចិត្តខ្លាំងបើទោះបីជាមិនក្រាស់ក្រែលប៉ុន្តែបើធៀបនឹងពេលមិនទាន់ល្បីនោះគឺខុសគ្នាគួរសម ។ នាងរំពឹងថាការងារសិល្បៈរបស់នាងនឹងកាន់តែប្រសើរ រួមជាមួយគម្រោងបញ្ចេញស្នាដៃច្រៀងបទចម្រៀងថ្មីៗផងដែរ ។ បទចម្រៀងរបស់នាងក្រៅពីល្បីលើបណ្តាញសង្គមហ្វេសប៊ុក និងYoutube នោះក៏ត្រូវបានអ្នកលេង បណ្តាញសង្គមTik Tokយកមកត្រាប់តាមជាហូរហែ ។ ចុងក្រោយថ្មីៗនេះនាងបានបង្ហើសំនៀងពីបន្ទប់ផ្សាយ ជាមួយនឹងរូបវីដេអូថ្មីត្រជាក់ភ្នែក និងកាន់តែធ្វើឲ្យសំនៀងរបស់នាងពិរោះប្លែកថែមឡើង ។
តារាស្រីរូបនេះធ្លាប់ថ្លែងថា នេះជាគ្រាដំបូងហើយដែលនាងបានសាងប្រជាប្រិយភាពល្បីល្បាញ និងជាការបំពេញបំណងដល់ឪពុកម្ដាយរបស់នាងបានសម្រេច៕

អត្ថបទដែលជាប់ទាក់ទង