ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡដ្ឋានស្រុកកោះធំ ត្រូវបានបើកដាក់អោយប្រើប្រាស់ មានតារាងបាល់ទាត់ទំហំស្តង់ដារអន្តរជាតិ និងទីលានកីឡាផ្សេងៗ

302

នៅ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកីឡដ្ឋានស្រុក និងប្រកាសបើកការប្រកួតកីឡាបាល់ទាល់មហាជនពានរង្វាន់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កីឡាករ និងប្រជាពលរដ្ឋសរុបប្រមាណ ១,៨៣៥នាក់។

កីឡដ្ឋាននេះសាងសង់ឡើងដោយចំណាយថវិកាអស់សរុបប្រមាណ ៤២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះតារាងបាល់ទាត់មានប្រវែង១០៥ ម៉ែត្រ និងទទឹង៦៨ម៉ែត្រ សាងសង់ឡើងតាមស្តង់ដាអន្តរជាតិ កាលពីមុនជាដីលេចទឹកមិនអាចធ្វើការហ្វឹកហាត់បាន និងបច្ចុប្បន្នកីឡដ្ឋាននេះត្រូវបានប្រែក្លាយទៅជាមជ្ឈមណ្ឌលកីឡាមួយយ៉ាងសំខាន់សម្រាប់សិស្សានុសិស្សហ្វឹកហាត់ កីឡាដើម្បីសុខភាព។

ជាមួយគ្នានេះផងដែរ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឧកញ៉ា ប៉ាង ណាំ ប្រធានក្រុមហ៊ុនកាំត្រង់ស៊ីប ដែលបានជួយឧបត្ថម្ភគាំទ្រផ្នែកថវិកាឱ្យការសាងសង់កីឡដ្ឋាន នេះសម្រេចជារូបរាងឡើងនៅពេលនេះ។

លោក ទេសរដ្ឋមន្ត្រី បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមបំពេញកាតព្វកិច្ចចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាស្រុកកោះធំឱ្យមានការរីកចម្រើនបន្ថែមទៀត។

លើសពីនេះទៀត លោក ទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីទាំងមូល អំពីគំនិតផ្តួចផ្តើមកំណែទម្រង់ សំខាន់ៗ និងសកម្មភាពនានាដែលបាន និងកំពុងអនុវត្តបន្តនៅក្រសួងសាធារណការនិងដឹកជញ្ជូន ទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូនផងដែរ។

លោក ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ កីឡាករកីឡាការិនី ជាពិសេសសិស្សានុសិស្សទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ដើម្បីជៀស វាងកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយស្លាប់បាត់បង់ជីវិត មិនត្រូវសេពគ្រឿងស្រវឹង ឬគ្រឿងញៀន បើបើកបរកុំ ពិសាគ្រឿងស្រវឹង បើពិសាគ្រឿងស្រវឹងកុំបើកបរ។

ជាចុងក្រោយ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កីឡាករ និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងពិធីទាំងមូលនោះថា៖ “កុំសួរថា តើកម្ពុជាអាចធ្វើអ្វីដើម្បីអ្នក ត្រូវសួរថាអ្នកអាចធ្វើអ្វីដើម្បីកម្ពុជា”។

អត្ថបទដែលជាប់ទាក់ទង