សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ការងារនៅបារាំង
ភ្នំពេញ៖នៅព្រឹកថ្ងៃព្រសហ្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ នឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់ប្រទេសកម្ពុជាវិញ ហើយក្រោយបញ្ចប់ការងារនៅប្រទេសបារាំង។
តបតាមការអញ្ជើញរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញ ចូលរួមសន្និសីទ អ.ស.ប. ស្ដីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុង នីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហា សមុទ្រ ប្រកបដោយ ចីរ ភាព»។
ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ សម្តេចមហាបវរធិបតី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រ ពិភពលោក រួមមានការកើនឡើងកម្រិតទឹកសមុទ្រ ការហូរច្រោះតាមឆ្នេរសមុទ្រ ដោយឥតឈប់ឈរ និងការរីករាលដាលនៃការបំពុលប្លាស្ទីក ការថយចុះយ៉ាងឆាប់រហ័ស នៃជីវចម្រុះសមុទ្រ និងការទាញយកប្រយោជន៍ហួស ហេតុពីធនធានសមុទ្រ ព្រមទាំងបានអំពាវនាវឱ្យមានសកម្មភាពឆាប់រហ័ស និងបន្ទាន់រួមជាមួយកិច្ចសហប្រតិបត្តិការឥតងាករ៉េក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនេះ។
កម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួន ក្នុងការការពារមហាសមុទ្រ រួមមាន ការពង្រីកតំបន់ការពារដែនសមុទ្រ ការពង្រឹងបទបញ្ញត្តិពាក់ព័ន្ធវិស័យជល ផល ប្រកបដោយនិរន្តរភាព និងការពង្រឹងសកម្មភាពប្រឆាំងនឹងការបំពុលសមុទ្រ ជា ពិសេសផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃប្លាស្ទិកក្នុងសមុទ្រ។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់បន្ថែមអំពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០១៨ ដែល ផ្តោតលើមុំចំនួនបី គឺភាពស្អាត, ភាពបៃតង និងនិរន្តរភាព ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សុខភាព និងការការពាររយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ របស់កម្ពុជា។
ចំពោះការបញ្ជាក់ពីការប្តេជ្ញាចិត្តលើពហុភាគីរបស់កម្ពុជា សម្តេចមហាបវរធិបតី មានប្រសាសន៍ថា កម្ពុជា តែងចូលរួមបោះឆ្នោតគាំទ្រយ៉ាងទៀងទាត់លើ សេចក្តី សម្រេចចិត្តស្ដីពី «មហាសមុទ្រ និងច្បាប់សមុទ្រ» ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាត អ.ស.ប.។ សម្តេចមហាបវរធិបតី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្ដល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងឱកាសក្នុងការ ទទួលបានចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាសមុទ្រ និងធនធានសម្រាប់ការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងការអភិរក្សសមុទ្រ ដោយធានាថា «មិនទុកចោលប្រទេសណាមួយឡើយក្នុងកិច្ច ខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារមហាសមុទ្ររបស់យើង»។
សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងការគាំទ្រយ៉ាងពេញលេញ និង ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមឯកភាពលើសេចក្តីប្រកាសនយោបាយ សន្និសីទ UNOC3 ដើម្បីបញ្ជាក់ពីការបន្តការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងសកម្មភាពមហាសមុទ្រ ប្រកបដោយសមូហភាពផ្អែកលើវិទ្យាសាស្ត្រ នវានុវត្តន៍ និងសមធម៌។
ក្នុងអំឡុងពេលនៃសន្និសីទនេះ កម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង ស្ដីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (កិច្ចព្រមព្រៀង BBNJ) ក្នុងអំឡុងព្រឹត្តិការណ៍សន្ធិសញ្ញាពិសេសនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចព្រមព្រៀងដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់កម្ពុជាលើការការពារជីវៈចម្រុះសមុទ្រ និងការធានាការប្រើប្រាស់ដោយសមភាព និងនិរន្តរភាពនៃធនធាន សមុទ្រនៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ។
បន្ថែមលើនេះ កម្ពុជាបានចូលរួមការអំពាវនាវជាសកលដើម្បីប្រយុទ្ធ នឹងការ បំពុល ដោយប្លាស្ទិក តាមរយៈការប្រកាសគាំទ្រ «សេចក្តីអំពាវនាវទីក្រុងនីស» ដែលផ្តួចផ្តើមដោយសមាជិកភាគច្រើននៃគណៈកម្មាធិការចរចាអន្តររដ្ឋាភិបាល ពាក់ព័ន្ធការបំពុលដោយប្លាស្ទិក (Intergovernmental Negotiating Committee on Plastic Pollution – INC)។ កិច្ចខិតខំប្រឹងប្រែង នេះនឹង ជំរុញ ឱ្យភាគីពាក់ព័ន្ធទាំងអស់ចាប់យកឱកាសជាប្រវត្តិសាស្ត្រ ដើម្បីសម្រេច អនុម័ត នូវសន្ធិសញ្ញាប្លាស្ទិកមួយ ប្រកបដោយមហិច្ឆិតា ភាពជាសកលប្រសិទ្ធភាព និងដែលចងកាតព្វកិច្ចនៅសម័យប្រជុំបន្ទាប់របស់ INC នាពេលខាង មុខ នេះ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងបញ្ចប់នូវការបំពុលដោយប្លាស្ទិក សម្រាប់អនាគតមនុស្សជំនាន់ក្រោយ និងផែនដីរបស់យើង។
ស្របពេលសន្និសីទ UNOC3 សម្តេចមហាបវរធិបតី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនិងប្រធានគណៈប្រតិភូនៃបណ្តា ប្រទេស និងស្ថាប័ន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរួមមាន៖
១៖ ជំនួបជាមួយលោក Emmanuel MACRON ប្រធានាធិបតីបារាំង សម្តេច មហាបវរ ធិបតី បានអបអរសាទរប្រទេសបារាំង ចំពោះភាពជោគជ័យក្នុង ការធ្វើ ជាម្ចាស់ផ្ទះនៃសន្និសីទ UNOC3 ។ សម្ដេចមហាបវរធិបតី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការការពារបរិស្ថាន ដូចដែលបាន បង្ហាញ តាមរយៈការចុះហត្ថលេខារបស់កម្ពុជាលើ កិច្ចព្រមព្រៀង BBNJ។
លោកប្រធានាធិបតីបារាំង បានលើកទឹកចិត្តដល់កម្ពុជា និងរដ្ឋសមាជិកដទៃ ទៀត ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់បំផុតនៅមុនសម័យ ប្រជុំ លើកទី៨០ នៃមហាសន្និបាតអ.ស.ប.។ ទន្ទឹមនឹងការប្តេជ្ញាចិត្តក្នុងការរៀបចំ នីតិវិធីបន្ត ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ សម្ដេចមហាធិបតី បានសម្តែងការពេញចិត្តយ៉ាងខ្លាំង សម្រាប់ការបន្តគាំទ្ររបស់ប្រទេសបារាំង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលកំពុងរីកចម្រើន ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការរៀបចំផែនទី បង្ហាញផ្លូវសម្រាប់ទំនាក់ទំនងបារាំង-កម្ពុជា ក្នុងគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។ លោកប្រធានាធិបតី បានកោតសរសើរដល់ប្រតិបត្តិការថែរក្សាសន្តិភាពរបស់កម្ពុជាក្រោមឆ័ត អ.ស.ប. និងបានទទួលស្គាល់ជំនាញរបស់កម្ពុជា ក្នុងការដោះមីន។
លោកប្រធានាធិបតី នឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ភាគីទាំងពីរក៏បាន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង ក្របខ័ណ្ឌពហុភាគី រួមទាំងតួនាទីយ៉ាងសកម្មរបស់បារាំងក្នុងនាមជាដៃគូអភិវឌ្ឍន៍ អាស៊ាន និងជំនួយបច្ចេកទេសសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅទីក្រុងសៀមរាប ក្នុងឆ្នាំ២០២៦។
សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ទន្ទឹងរង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតីនៅកម្ពុជា ក្នុង ឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែល មាន ផលប្រយោជន៍ទៅវិញទៅមក។
២៖ ជំនួបពិភាក្សាការងារជាមួយលោក António Costa ប្រធានក្រុម ប្រឹក្សា អឺរ៉ុប សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជាមានកិច្ចសហប្រតិបត្តិការ ប្រកបដោយថាមវន្តជាមួយសហភាពអឺរ៉ុប និងរដ្ឋសមាជិកនៅលើវិស័យ ជា ច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅ កម្ពុជា។
សម្ដេចមហាបវរធិបតី បានឆ្លៀតឱកាសរំលេចអំពីការចម្រើនរបស់កម្ពុជានៅ ក្នុង ការគ្រប់គ្រងវិស័យនេសាទប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុង ការសម្រេចឱ្យបាននូវការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០ភាគរយ នៅឆ្នាំ២០៣០ និងសម្រេចឱ្យបាននូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
ជាការឆ្លើយ តប លោក António Costa បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហភាពអឺរ៉ុប-កម្ពុជា និងអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការ កសាងនូវក្របខ័ណ្ឌគតិយុត្ត ជាពិសេសវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងច្បាប់ស្តីពីជលផល។ មុននឹងបញ្ចប់ជំនួប លោក António Costa ក៏បានអញ្ជើញសម្ដេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចស្ថាប័នសហភាពអឺរ៉ុប នាទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកទំនាក់ទំនងសហភាព អឺរ៉ុប និងកម្ពុជា ហើយសម្តេចមហាបវរធិបតី បានសម្តែងការរីករាយ ក្នុងការទទួលយកការអញ្ជើញនេះ។
៣៖ ជំនួបជាមួយលោក Emomali Rahmon ប្រធានាធិបតីតាហ្ស៊ីគីស្ថាន សម្តេចមហាបវរធិបតី បានរំលឹកឡើងវិញពីជំនួបទ្វេភាគីដ៏កក់ក្តៅរវាងសម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតី Rahmo n កាលពីឆ្នាំ២០១៩ កន្លងទៅនៅប្រទេសតាហ្ស៊ីគីស្ថាន។ ខណៈដែលឆ្នាំនេះ ជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-តាហ្ស៊ីគីស្ថាន ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជាតិទាំងពីរ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។
ថ្នាក់ដឹកនាំទាំងពីរ បានលើកទឹកចិត្តឱ្យមានការចាប់ផ្តើមរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីឱ្យបានឆាប់ ដើម្បីស្វែងរកមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ ថ្នាក់ដឹកនាំទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្ត ពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមមានថាមពលស្អាត កសិកម្ម និងអប់រំ។ល។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សាលោកប្រធានាធិបតី Rahmon បានអញ្ជើញសម្ដេចមហាបវរធិបតី បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតា ហ្ស៊ីគីស្ថាន ហើយសម្តេចមហាបវរធិបតី បានទទួលយកការអញ្ជើញដោយក្តីរីករាយ។
៤៖ ជំនួបជាមួយលោក Robert Beugré Mambé នាយករដ្ឋមន្ត្រីកូតឌីវរ័ សម្ដេចមហាបវរធិបតី បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹង ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសកូតឌីវ័រ និងបានរំលឹកឡើងវិញ ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Mambé នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើវិស័យសក្តានុពលមួយចំនួន ជាពិសេសវិស័យឧស្សាហកម្ម និងកសិកម្ម។
លោកនាយករដ្ឋមន្ត្រី Mambé បានជម្រាបជូនថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម កូតឌីវរ នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីស្វែងយល់ពីលទ្ធភាព នៃការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ចុងបញ្ចប់នៃកិច្ចពិភាក្សា សម្ដេច មហាបវរធិបតី បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Mambé បំពេញ ទស្សន កិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ ២០២៦ នៅកម្ពុជា ហើយលោកនាយករដ្ឋមន្ត្រី Mambé បានបង្ហាញឆន្ទៈ អញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់ កូហ្វូនី។
៥៖ ជំនួបជាមួយលោកស្រី Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រទេស បែលហ្ស៊ិក សម្ដេចមហាបវរធិបតី បានថ្លែងអំណរគុណចំពោះភាពជា ដៃ គូដ៏រឹងមាំរវាងកម្ពុជា និងបែលហ្ស៊ិក និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនបែលហ្ស៊ិកដែលបានផ្តល់ការគាំទ្រដល់វិស័យសំខាន់ៗ រួមមាន ការបោសសម្អាតមីន អប់រំ និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ECCC)។ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់ ក្នុងយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាវេទិកា ដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ជាការឆ្លើយតបលោកស្រី Annelies Verlinden បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងបែលហ្ស៊ិក និងបានទទួលស្គាល់ ចំពោះ កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។
៦៖ ជំនួបជាមួយលោក Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធ ទទួល បន្ទុកកិច្ចការអឺរ៉ុប និងអន្តរជាតិនៃសាធារណរដ្ឋអូទ្រីស សម្ដេចមហាបវរធិបតីបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-អូទ្រីសដ៏យូរអង្វែង និង បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសអូទ្រីស ដែលរួមមានការផ្ដល់អាហារូបករណ៍ និងការផ្ដល់ជំនួយដល់ស្ថាប័នសំខាន់ៗដូចជាមជ្ឈមណ្ឌលកំចាត់មីន កម្ពុជា អង្គការ UNDP និងនិងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។ សម្ដេចមហាបវរធិបតី និងលោក Sepp Schellhorn បានលើក ទឹក ចិត្តឱ្យភាគីទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យផ្សេងៗទៀតដែលជាប្រយោជន៍រួម។
ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេស ការប្រែប្រួលអាកាសធាតុ។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បាន លើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការ ប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីធានា បាន នូវនិរន្តរភាពបរិស្ថាន និងអន្តរកាលថាមពល ជាពិសេសកម្ពុជាសម្រេចបានការប្រើប្រាស់ថាមពលកកើតឡើងវិញចំនួន ៦២ភាគរយ និងបានកំណត់គោល ដៅសម្រេចបាននូវថាមពលស្អាតចំនួន៧០ភាគរយនៅឆ្នាំ២០៣០៕