ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លើយតបការគំរាមផ្តាច់អគ្គិសនី និងអ៉ឺនធឺណិតដល់កម្ពុជា ពីសំណាក់ក្រុមជ្រុលនិយមថៃ, សម្តេចធិបតីកម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង

28

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ចេញសារដ៏សំខាន់មួយ ឆ្លើយតបទៅការគំរាមរបស់ក្រុមជ្រុលនិយមថៃ ដែលចង់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៉ឺនធឺណិនដល់កម្ពុជា ដោយសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា «ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃ ក្នុងការសម្រេចកាត់ ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង»។

សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «ថ្មីៗនេះមានការចែកចាយព័ត៌មាន តាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន នៅប្រទេសថៃ ឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតមកកម្ពុជា។ 
ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃ ក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។

ដោយឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ដោយខ្លួនឯង។ 
បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀត មកកម្ពុជាផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង