រដ្ឋមន្ត្រីការបរទេសអឺរ៉ុប ត្រៀមរឹតបន្តឹងវិធានការប្រឆាំងរុស្ស៊ី ពាក់ព័ន្ធនឹងវិស័យថាមពល និងធនាគារ
ទីក្រុងរ៉ូម៖រដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអឺរ៉ុបធំៗ បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីបង្កើនសម្ពាធលើរុស្ស៊ី «រួមទាំងតាមរយៈការដាក់ទណ្ឌកម្មបន្ថែមទៀត» ដែលផ្តោតលើវិស័យថាមពល និងធនាគារ ក្នុងគោលបំណងធ្វើឲ្យទីក្រុងម៉ូស្គូចុះខ្សោយនៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥។
សេចក្តីប្រកាសនេះ ធ្វើឡើនៅក្នុងកិច្ចប្រជុំនៅទីក្រុងរ៉ូមដែលមានការចូលរួមពីមន្ត្រីមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប រួមទាំងអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូត និងតំណាងអ៊ុយក្រែនផងដែរ។ សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរបស់យើងក្នុងការបង្កើនសម្ពាធលើរុស្ស៊ី…រួមទាំងតាមរយៈការដាក់ទណ្ឌកម្មបន្ថែមទៀត និងការប្រឆាំងនឹងការគេចវេះពីទណ្ឌកម្មទាំងនោះ»។
គួរបញ្ជាក់ថា ការជួបជុំនេះបានធ្វើឡើងខណៈដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូអះអាងថាជាវិធានការសងសឹកចំពោះការវាយប្រហារថ្មីៗរបស់ទីក្រុងកៀវមកលើទឹកដីរបស់ខ្លួន។ កិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីដើមខែនេះ មិនបានសម្រេចលទ្ធផល និងបរាជ័យក្នុងការនាំមកនូវបទឈប់បាញ់ ដែលអ៊ុយក្រែន សម្ព័ន្ធមិត្តអឺរ៉ុប និងទីក្រុងវ៉ាស៊ីនតោន សុទ្ធតែបានជំរុញឲ្យរុស្ស៊ីទទួលយក៕