កម្ពុជាសម្រេចបិទការនាំចូលទំនិញថៃចោលទាំងស្រុង នៅតាមច្រកព្រំដែនអន្ដរជាតិដូង ខេត្តបាត់ដំបង, ឆ្លើយតបភាពគគ្លើនរបស់ក្រុមជ្រុលនិយមថៃ
ភ្នំពេញ៖ឆ្លើយតបចំពោះភាពគគ្លើនរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចរបស់ថៃ នាវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាបានសម្រេចបិទខ្ទប់ទំនិញរបស់ថៃទាំងស្រុង ដែលចូលតាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ទល់ជាមួយច្រកទ្វារអន្ដរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តច័ន្ទបុរីរបស់ថៃ។
មន្ដ្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្ដរជាតិដូង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំមន្ដ្រី និងអាជ្ញាធរនៅច្រកទ្វារព្រំដែនដូង បានសម្រេចបិទខ្ទប់ទំនិញរបស់ថៃ ចោលទាំងស្រុង មិនឲ្យចូលមកប្រទេសកម្ពុជាទៀតឡើយ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអះអាងដែរថា ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
យ៉ាងណាមិញ មន្ដ្រីនៅច្រកទ្វារព្រំដែនអន្ដរជាតិដូង បានបញ្ជាក់ផងដែរថា ចំពោះប្រជាពលរដ្ឋប្រទេសទាំងពីរ អាចធ្វើដំណើរចេញចូលបានធម្មតាតាមម៉ោងកំណត់ ដោយពេលព្រឹកបើកនៅចន្លោះម៉ោង ៨ ទៅម៉ោង ៩ ហើយបិទនៅម៉ោង ៤រសៀលដដែល៕