កាប់យុវជនម្នាក់ដាច់ក្បាលស្លាប់ភ្លាមនិងម្នាក់ទៀតរងរបួសធ្ងន់ហើយក្មេងទំនើង៦នាក់ត្រូវឃាត់ខ្លួន
កណ្ដល៖ក្រុមក្មេងទំនើងកាប់ច្រឡំកាប់គ្នាឯងបណ្ដាលឱ្យយុវជនម្នាក់ដាច់ក្បាលចេញពីខ្លួនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាកទៀតរងរបួស ដោយក្រុមក្មេងទំនើងកាប់ពីក្រោយ ខណៈក្មេង៦នាក់ត្រូវឃាត់ខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីនាវេលាម៉ោង ១២ នឹង ៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងធំ បានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញជនរងគ្រោះម្នាក់ដេកស្លាប់នៅជាប់និងផ្លូវជាតិលេខ១ដោយមានក្រុមក្មេងស្ទាវនៅនឹងកន្លែងកើតហេតុ។
កម្លាំងជំនាញបានឃាត់ខ្លួនក្រុមក្មេងស្ទាវ ចំនួន៦នាក់ នាំយកមកប៉ុស្តិ៍ដើម្បីសាកសួរមានឈ្មោះ ហ៊ាន សៀងហៀង, ឈ្មោះ ហ៊ាន សៀងហៃ, ឈ្មោះ ឆុន ឆាយ បានសារភាពថា ឈ្មោះ កល់ ដារ៉ុង អាយុ១៨ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់។
ចំណែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះមួយកាំបិតផ្គាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
សមត្ថកិច្ចបានបញ្ជាក់ថា ចម្លើយបឋមពីជនសង្ស័យបានប្រាប់ថា ពួកគេកាប់ច្រឡំកាប់គ្នាឯង ។បច្ចុប្បន្នករណីនេះ កម្លាំងជំនាញសហការជំនាញកម្លាំងកោសល្យវិច្ច័យកំពុងបន្តនីតិវិធី៕
