ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍សៅសុខា៖ក្រុមការងារចំពោះកិច្ចនឹងចុះអធិការកិច្ចត្រួតពិនិត្យមើលសកម្មភាពមិនប្រក្រតីរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះប៉ុន្តែមិនអាចទទួលបានឡើយនូវសម្តីជេរប្រមាថរបស់បុគ្គលផែងវណ្ណៈ

79

ភ្នំពេញនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រុមការងារចំពោះកិច្ច នឹងចុះអធិការកិច្ចត្រួតពិនិត្យ មើលសកម្មភាពមិនប្រក្រតីរបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងគាំទ្រសកម្មភាពរបស់លោក តាន់ គឹមសួរ (Tan Kimsour) ប៉ុន្តែកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនអាចទទួលបានឡើយនូវសម្តីជេរប្រមាថរបស់បុគ្គល ផែង វណ្ណៈ។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស សូមបញ្ជាក់ជូនសាធារណជនថា ពាក់ព័ន្ធនឹងករណីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាភ្លាមៗ និងឲ្យបែងចែកឲ្យច្បាស់ចំពោះបញ្ហាខាងលើ ចៀសវាងមានការភ័ន្តច្រឡំ រួមមាន៖

ទី១៖ អាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការស៊ើបអង្កេតលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ហើយបើរកឃើញថាមានភាពមិនប្រក្រតី នោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ទី២៖ អាវុធហត្ថលើផ្ទៃប្រទេស មិនអាចទទួលយកពាក្យសំដី និងការជេរប្រមាថខ្លាំងៗរបស់លោក ផែង វណ្ណៈ។

ទី៣៖ អាវុធហត្ថលើផ្ទៃប្រទេស សូមកោតសរសើរលោក តាន់ គីមសួរ ដែលបានរាយការណ៍ពីបទល្មើសព្រៃឈើ៕

អត្ថបទដែលជាប់ទាក់ទង