នគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបាន៣នាក់លួចគាស់បន្ទប់លួចលុយ៣ម៉ឺនដុល្លារ
ភ្នំពេញ ៖ សមត្ថកិច្ចអធិការដ្ឋានខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងនគរបាលនៃស្នងការខេត្តសៀមរាប ធ្វើការឃាត់បានជនសង្ស័យ ៣នាក់ ក្នុងករណីគាស់បន្ទប់លួចយកលុយដុល្លារ និងលុយជប៉ុនជាច្រើនសន្ធឹកសន្ធាប់ យកមកសាកសួរនាំនៅអធិការដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ លោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតស្រាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រហូតនៅចំណុចផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាបខេត្តសៀមរាប កាលវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ជាបន្តបន្ទាប់ បានចំនួន៣នាក់ ៖
ទី១-ឈ្មោះ ឆោម ទិត្យរង្សី អាយុ៣៨ឆ្នាំ មានទីលំនៅ មុខមិនពិតប្រាកដ ផ្ទះលេខF១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
ទី២-ឈ្មោះ យឹម ស្រីប៉ុច ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ប្រពន្ធ) (មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។
ទី៣-ឈ្មោះ អាន វិនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ប្អូនថ្លៃ) ដែលបានប្រព្រឹត្ក នៅម៉ោង៥និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ (ឆ្កិះសោបន្ទប់ជួលលួចប្រាក់ចំនួន៣០.០០០ដុល្លារ) នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្ថែមថា សម្ភារៈដកហូតបានរួមមាន ៖ ម៉ូតូចំនួន០១គ្រឿងម៉ាក ADV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1MB-5101 ទូរស័ព្ទចំនួន០៣គ្រឿង លោហៈធាតុខ្សែក ប្រវែង៥៥ សង់ទីម៉ែត្រ ចំនួន១ខ្សែ មានបន្តោងរូបយុទ្ធនាការ លោហៈធាតុ ប្រភេទខ្សែដៃ ប្រវែង ១៨សង់ទីម៉ែត្រលោហ:ធាតុប្រភេទចិញ្ចៀន ១វង់, ប្រាក់ចំនួន ២.១០០ ដុល្លារ។ ប្រាក់ចំនួន ១.០២៤.០០០យេន (ជប៉ុន) ។
សូមបញ្ជាក់ថា ក្រោយកើតហេតុ ដោយឃើញពីស្ថានភាព របស់នារីរងគ្រោះ លោក ហ៊ាង ថារ៉េត អធិការខណ្ឌ ផ្ដល់ថវិកា១០ម៉ឺនរៀល ជូននារីរងគ្រោះ ដើម្បីទិញថ្នាំ ព្រោះនារីរងគ្រោះ មានជំងឺសើរស្បែក។
បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
