នគរបាលខណ្ឌឫស្សីកែវ ឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន កាលពីម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវទំនប់៧០ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ ខណ្ឧឫស្សីកែវ ចំណែកបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ពេជ្រ សូនី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់មូតូឌុប មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអន្លង់ផ្លូ ខណ្ឌកំបូល។ ដោយឡែកបក្ខពួក២នាក់ ដែលរត់គេចខ្លួន ៖ ទី១-ឈ្មោះ ប៉ូយ អាយុប្រហែល ២២ឆ្នាំ (គេចខ្លួន) និងទី២-ឈ្មោះ ក្តូច អាយុប្រហែល ២៧ឆ្នាំ (គេចខ្លួន)។
ចំណែកជនរងគ្រោះ ឈ្មោះ ថុល ស៊ីណា អាយុ១៩ឆ្នាំ ជាបុគ្គលិកហាងសំភារៈកីឡា មានទីលំនៅ ភូមិភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកអធិការបន្ថែមថា ៖ សម្ភារៈបាត់បង់ ម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ 1IM-4922 ។
ចំណែកវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ០១គ្រឿង ម៉ាកsuzuki ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភំ្នពេញ 1DC 4228 និងទូរសព្ទម៉ាក Oppo១គ្រឿង។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បញ្ជាក់ថា ក្រុមជនសង្ស័យមានគ្នា៣នាក់ បាននាំគ្នាទៅលួចម៉ូតូរបស់ជនរងគ្រោះ នៅចំណុចផ្ទះលេខ៤B៥B ផ្លូវ៣៥៥ ក្រុមទី១៤ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
