សម្ដេចតេជោឱ្យសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុឯកឧត្តមកែវចិន្តាម្ចាស់បទ«ឱ! ភ្នំពេញអើយ »នៅវត្តច័ន្ទបុរីវង្ស ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ
ភ្នំពេញ៖ដោយទទួលបានការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបថ្វាយបង្គំសម្តេចព្រះពោធិវង្ស ណយ ច្រឹក នៅវត្តច័ន្ទបុរីវង្ស ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញព្រមទាំងពិនិត្យ និងស្នើសុំទីតាំងដីក្នុងវត្តច័ន្ទបុរីវង្ស ដើម្បីសាងសង់ចេតិយសម្រាប់តម្កល់អដ្ឋិធាតុ ឯកឧត្តម កែវ ចិន្តា អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន និងជាអតីតលេខាបក្សក្រុងភ្នំពេញ ហើយឯកឧត្តម កែវ ចិន្តា ក៏ជាអ្នកនិពន្ធបទចម្រៀង៖ ឱ! ភ្នំពេញអើយ ដែលបទនេះគ៏មានតម្លៃជាប្រវត្តិសាស្ត្រផងដែរ។
ជាក់ស្តែងនារសៀលថ្ងៃដដែលនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចុះទៅដល់ទីតាំងតម្កល់អដ្ឋិធាតុ និងជួបសំណេះសំណាលជាមួយគ្រួសារ កូនចៅ ឯកឧត្តម កែវ ចិន្តា ព្រមទាំពិនិត្យចេតិយដែលបានតម្កល់អដ្ឋិធាតុ ស្ថិតនៅវត្តវិបស្សនាធុរៈភ្នំបាត ស្ថិតនៅភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
សូមបញ្ជាក់ផងដែរថា ឯកឧត្តម កែវ ចិន្តា បានទទួលមរណភាពនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៩០៕
