ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី៖កម្ពុជា-វៀតណាមកំពុងប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយជាព្រំដែនសុខសន្ដិភាព, ដោះដូរទំនិញ, សេវានិងការអភិវឌ្ឍរីកចម្រើន

57

ព្រៃវែង៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជា-វៀតណាម កំពុងប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយជាព្រំដែនសុខសន្ដិភាព ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ សេវា និងជាព្រំដែនដែលមានការអភិវឌ្ឍរីកចម្រើនសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។

ប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយឯកឧត្ដមផាម មិញជីញ នាយករដ្ឋមន្ត្រី វៀតណាម សម្ពោធដាក់ឲ្យដំណើរការច្រកទ្វារ អន្តរ ជាតិម៉ឺនជ័យ-តឹនណាម។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលបាននិងកំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឲ្យក្លាយជាព្រំដែនសុខសន្តិភាព ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ សេវា និងជាព្រំដែនដែលមានការអភិវឌ្ឍរីកចម្រើន សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ»។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃប្រទេសទាំងពីរ ដែលបានសហការជិតស្និតក្រោមស្មារតីភាតរភាព និងការយោគយល់ខ្ពស់ក្នុងការប្រឹងប្រែងជំរុញដំណើរការបើកច្រកព្រំដែនអន្ដរជាតិនេះ និងពន្លឿនការសាងសង់អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្ដរជាតិម៉ឺនជ័យរបស់កម្ពុជា និងអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្ដរជាតិតឹនណាម របស់វៀតណាម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅទីនេះទៀតឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការគ្រោងទុក។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយជឿជាក់ថា ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា និងវៀតណាម នឹងបន្តរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះតរៀងរហូតដល់អ្នកជំនាន់ក្រោយ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង