ចិនជំរុញឱ្យកម្ពុជានិងថៃអត់ធ្មត់ដើម្បីបញ្ចៀសកុំឱ្យជម្លោះកើនឡើង
ប៉េកាំង៖ចិន នៅថ្ងៃអង្គារ ទី៩ ខែធ្នូ បានជំរុញឱ្យថៃ និងកម្ពុជារក្សាការអត់ធ្មត់ដើម្បីបញ្ចៀសកុំឱ្យជម្លោះកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីប្រចាំថ្ងៃក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានគូសបញ្ជាក់ថា«ក្នុងនាមជាមិត្ត និងជាអ្នកជិតខាងជិតស្និទ្ធរបស់កម្ពុជា និងថៃ ចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថាភាគីទាំង២ រក្សាការអត់ធ្មត់ និងធ្វើការក្នុងទិសដៅតែមួយដើម្បីទប់ស្កាត់កុំឱ្យជម្លោះកើនឡើង»។ លោកបន្ថែមថា «ចិននឹងបន្តដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាដើម្បី បន្ធូរបន្ថយជម្លោះ»៕
