ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនអំពាវនាវឲ្យសប្បុរសជនផ្តល់សម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលដើម្បីជួយកងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក, សំណូមពរយុទ្ធជនម្នាក់ជួយជាអំបុកល្អជាងមីទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន

89

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវពាវដល់សប្បុរសជន សូមផ្តល់សម្ភារៈ ថវិកាតាមរយៈរាជរដ្ឋាភិបាល ដើម្បីជួយកងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក។ 

សម្តេចបានលើកឡើងថា សំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថា សុំជួយជាអំបុកល្អជាងជួយជាងមី ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន។ 

សម្តេចបានបង្ហោះសារដូច្នេះថា៖ «សូមផ្តាំផ្ញើការសាកសួរសុខទុក្ខ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។ សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន។

សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក។

ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថា សុំជួយជាអំបុកល្អជាងជួយជាងមី។ ខ្ញុំយល់ថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្តល់ជាមី នៅតែបន្តជាមួយនិងការផ្តល់អំបុកបន្ថែម។

ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជន ជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូ ឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវ ឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន»

Screenshot
អត្ថបទដែលជាប់ទាក់ទង