ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញទទួលអំណោយពីសប្បុរសជន នានានាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីសម្រាប់ចែកជូនកងទ័ពជួរមុខនិងជនភៀសសឹក

95

ភ្នំពេញ៖នៅរសៀលថ្ងៃទី១២ធ្នូ២០២៥នេះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញទទួលអំណោយពីសប្បុរសជននានាបាននិងកំពុងបន្តនាំយកអំណោយទាំងនេះមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបែងចែក ជូន បងប្អូន កងទ័ព ជួរមុខ កម្ពុជា និង បងប្អូន ប្រជាពលរដ្ឋ ជម្លៀស ខ្លួន ទៅ តាម មណ្ឌល សុវត្ថិភាព នានា ក្រោយពីមានផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា។

  គិតមកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានបើកទទួលអំណោយពីសប្បុរសជនបានរយៈពេល៤ថ្ងៃហើយ នៅសាលារាជធានីភ្នំពេញ ហើយអំណោយដែលទទួលបានមានដូចជា៖ថវិកា មី ទឹកបរិសុទ្ធ អង្ក ខ្សែចង មួក កន្ទេល នំក្រៀម មី ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ឆ្នាំង អំបុក ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះនិង ថ្នាំពេទ្យជាដើម។

  ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែង អំណរគុណ​ យ៉ាងជ្រាលជ្រៅចំពោះ​អំណោយ​សប្បុរសធម៌​របស់បងប្អូន​ប្រជាពលរដ្ឋជាច្រើនមុខដែល​បាន​ចូលរួម​ឧបត្ថម្ភ​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដេីម្បី​ត្រៀម​រៀបចំ​បែងចែក​ជូន​បងប្អូន​កងទ័ព​ជួរមុខ​កម្ពុជា​ និង​បងប្អូន​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​ទៅ​តាម​មណ្ឌល​សុវត្ថិភាព​នានា​។រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។

មកដល់ពេលនេះទឹក ចិត្ត បងប្អូន ប្រជាពលរដ្ឋកំពុង ផុសផុល មកចូលរួម ឧបត្ថម្ភ ដល់ វីរកងទ័ព ជួរមុខ និង ក្រុម គ្រួសារ ប្រជាពលរដ្ឋ ដែល កំពុង ជម្លៀស ចេញ មកទីកន្លែង សុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ ខ្មែរ ។ 

នាព្រឹកថ្ងៃនេះដែរឯកឧត្ដមហួត ហៃ  ឯកឧត្ដមហ៊ុន សុរិទ្ធី  លោកជំទាវ តិមា វិច្ឆិកាល ឯកឧត្ដមឯក ឃុនដឿន និងឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញបានបន្តទទួលអំណោយពីសប្បុរសជននានាផងដែរ។

តាមសេចក្តីអំពាវនាវរបស់រដ្ឋបាល រាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹង កំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងប្រដាប់អាវុធថៃ ដែល នៅតែចិញ្ចឹមចិត្តឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ម្តងហើយម្តងទៀតឥតឈប់ឈរ រដ្ឋបាល រាជធានីភ្នំពេញ នឹងរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា៕

Screenshot
អត្ថបទដែលជាប់ទាក់ទង