សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនសារលិខិតវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន»
ភ្នំពេញ៖ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥លោក លោកស្រី និពន្ធនាយកសារព័ត៌មាន ជាទីស្រឡាញ់រាប់អាន!
ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ដែលបានរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្តល់នូវឱកាសដល់ថ្នាក់ដឹកនាំស្ថាប័ននិងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន មកពីអង្គភាពនានា បានជួបជុំពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធស្តីពីបញ្ហាប្រឈម និង ដំណោះស្រាយ សម្រាប់លើកទិសដៅអនុវត្តបន្ត សំដៅតម្រង់ទិសនិងជំរុញឱ្យអ្នកសារព័ត៌មានបំពេញការងារ កាន់តែមានគុណភាព ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវ ព្រមទាំងចូលរួមលើកកម្ពស់ សិទ្ធិសេរីភាពសារព័ត៌មាន ស្របតាមគោលការណ៍ច្បាប់ លទ្ធិប្រជាធិបតេយ្យ និងចូលរួមចំណែករក្សា សណ្តាប់ធ្នាប់សារព័ត៌មាន និងសន្តិសុខព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវេទិកានិពន្ធនាយកសារព័ត៌មានឆ្នាំ២០២៥ ដែលបានលើកយកប្រធានបទ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ជាប្រធានបទដ៏មានសារៈសំខាន់ក្នុងអំឡុងពេល នៃជម្លោះបញ្ហាព្រំដែនកម្ពុជា-ថៃ។ ជម្លោះព្រំដែននៃប្រទេសទាំងពីរ នាពេលថ្មីៗនេះ មិនត្រឹមតែមានការប៉ះទង្គិច ផ្នែកកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែមានសមរភូមិជាច្រើន ដែលស្ថិតក្រោមផ្លូវច្បាប់នៃយុត្តាធិការអន្តរជាតិ នយោបាយការទូត សមរភូមិព័ត៌មាននិងសាធារណមតិ ដែលភាគីជម្លោះ និងជនឱកាសនិយមបានប្រើប្រាស់ គ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម តាមគ្រប់រូបភាពក្នុងគោលបំណងដណ្តើម យកប្រៀបខ្លាំង ឈ្នះនៅលើសមរភូមិយោធា នយោបាយ ការទូត និងសមរភូមិព័ត៌មាន នៅក្នុងយុគសម័យ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័ននិងអង្គភាពសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈក្នុងការចុះយកព័ត៌មាន ផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ជូនសាធារណជនជាតិ-អន្តរជាតិ បានយល់ដឹងអំពី សភាពការណ៍ពិតរបស់កម្ពុជា។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន ដែលបានដាក់ចេញ។
