ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២អនុម័តចេញសេចក្តីថ្លែងការណ៍រួមមួយដែលមានខ្លឹមសារ១៣ចំណុចបានអំពាវនាវអ្នកសារព័ត៌មានរួមចំណែកកាត់បន្ថយភាពតានតឹងជម្លោះព្រំដែន

96

ភ្នំពេញវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដែលជាវេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក.អ.ក បានលើយកប្រធានបទ «តួនាទី អ្នក សារ ព័ត៌ មាន នៅ ពេលមានជម្លោះព្រំដែន» ដើម្បីផ្តល់ ឱកាស ដល់ នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ ទូរទស្សន៍ និង អ្នក សារព័ត៌ មាន ចូល រួម សរុប ជាង ២០០ នាក់ មកពី១០៩ស្ថាប័ន បាន ជជែក ពិភាក្សា លើ ប្រធាន បទ ខាងលើយ៉ាងផុសផុលហើយបាន សម្រេច អនុម័ត ចេញនូវ សេចក្តីថ្លែង ការណ៍ រួម មួយ ដែល មាន ខ្លឹម សារ១៣ចំណុច ដូចខាងក្រោម៖

ទី១៖ វ.ន.ស.ក. សូមកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មាន ស្ថាប័ន និងសមាគមសារព័ត៌មានដែលបានពុះពារ គ្រប់ឧបសគ្គក្នុងការបំពេញការងាររបស់ខ្លួនបានយ៉ាងល្អតាមវិជ្ជាជីវៈក្រមសីលធម៌សំខាន់ក្នុងដំណាក់កាលនៃជម្លោះព្រំដែន។

ទី២៖ វ.ន.ស.ក. យល់ឃើញថា អំឡុងពេលនេះ ឬចាប់ពីពេលនេះទៅអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ស្ថាប័នសារព័ត៌មាននីមួយៗត្រូវត្រៀមខ្លួនឱ្យបានល្អថែមមួយកម្រិតទៀតដើម្បីប្រឈមមុខនឹងហេតុការណ៍ ដែលកើតចេញពីបញ្ហាជម្លោះព្រំដែន។

ទី៣៖ វ.ន.ស.ក. យល់ឃើញថាកាលៈទេសៈនៃជម្លោះព្រំដែន ការិយាល័យនិពន្ធ រួមទាំងអ្នកចងក្រងអត្ថបទ សារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈបន្ថែមទៀតទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាន ការចុះយកព័ត៌មាននិងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន។ បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់ទាំងខ្លឹមសារ រូបភាព និងអក្ខរាវិរុទ្ធចៀសវាងការរិះគន់ពីសាធារណជន រួមទាំងការប្រឈមផ្លូវច្បាប់។

ទី៤៖ វ.ន.ស.ក. ស្នើដល់ស្ថាប័នសារព័ត៌មាននានានូវរាល់អត្ថបទផ្សព្វផ្សាយក្នុងពេលមានជម្លោះព្រំដែន គប្បីចៀសវាងឱ្យបាននូវអត្ថបទព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ឬបង្កគ្រោះថ្នាក់ដល់ពលរដ្ឋកម្ពុជា និងពលរដ្ឋនៃប្រទេសដែលជាភាគីជម្លោះជាមួយកម្ពុជា ហើយដែលកំពុងរស់នៅតាមបណ្តោយព្រំដែនក៏ដូចជាពលរដ្ឋដែលកំពុងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដោយរួម ទាំងអ្នកទេសចរផងដែរ។

ទី៥៖ វ.ន.ស.ក. អំពាវនាវដល់អ្នកសារព័ត៌មានមិនត្រូវធ្វើសេចក្តីរាយការណ៍ព័ត៌មានពីបញ្ហាជម្លោះដោយសំអាងលើប្រភពមិនច្បាស់លាស់ ឬផលិតមាតិកាក្នុងគោលដៅទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា និងខ្វះការទទួលខុសត្រូវដែលនាំឱ្យជម្លោះកាន់តែតានតឹង។

ទី៦៖ វ.ន.ស.ក. ស្នើដល់អ្នកសារព័ត៌មានទាំងឡាយគប្បីធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលមានចរិតជួយ ជ្រោមជ្រែងឱ្យមានសន្តិភាពជាជាងមានចរិតដុតជម្លោះរវាងប្រទេសជាតិមួយ ជាមួយប្រទេសជាតិមួយទៀត។ ការធ្វើដូច្នេះដើម្បីធានាថាអ្នកសាព័ត៌មានបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍សាធារណៈដែលជាតួនាទីចម្បងរបស់អ្នកសារព័ត៌មាន។

ទី៧៖ វ.ន.ស.ក. ស្នើផងដែរចំពោះការប្រើពាក្យពេចន៍អត្ថាធិប្បាយដោយប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ចំពោះព័ត៌មានរសើប ការិយាល័យនិពន្ធ ស្ថាប័នព័ត៌មានគប្បីផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ រាល់ព័ត៌មានដែលត្រូវចេញផ្សាយលឿនទាន់ហេតុការណ៍ ដើម្បីធានាថារាល់ខ្លឹមសារដែលចេញផ្សាយបានត្រឹមត្រូវ ដោយប្រមូលពីប្រភពច្បាស់ការណ៍ និងផ្លូវការជាភស្តុតាងរឹងមាំសម្រាប់សេចក្តីរាយការណ៍របស់ខ្លួន។

ទី៨៖ វ.ន.ស.ក. រម្លឹកអ្នកសារព័ត៌មានគប្បីយល់ថា នៅក្នុងជម្លោះលើបញ្ហាព្រំដែន បញ្ហាយោធា បញ្ហាការទូត បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមរវាងប្រទេសដែលមានជម្លោះ ព័ត៌មានមួយចំនួនត្រូវបានរដ្ឋាភិបាលនៃប្រទេសនីមួយៗរក្សាជាការសម្ងាត់។ ដូច្នេះការផ្សព្វផ្សាយព័ត៌មានត្រូវមានការប្រុងប្រយ័ត្នផ្ទៀងផ្ទាត់ និងស្វែងរកប្រភពដែលច្បាស់លាស់។ ទន្ទឹមនឹងនេះ វ.ន.ស.ក. ស្នើរដ្ឋាភិបាលផ្តល់ព័ត៌មានបច្ចុប្បន្នភាពឱ្យបានទៀងទាត់ទាន់ពេលដល់អ្នកសារព័ត៌មានតាមសមត្ថកិច្ចរៀងៗខ្លួន។

ទី៩៖ វ.ន.ស.ក. ស្នើដោយទទូចថា បើទោះបីជាអ្នកសារព័ត៌មាននៅក្នុងប្រទេសដែលមានជម្លោះនឹងគ្នាមាននិន្នាការ ទស្សនៈនយោបាយ និងសាសនាខុសគ្នា ព្រមទាំងមានចិត្តស្រលាញ់ជាតិសាសន៍រៀងៗខ្លួនក៏ដោយ ក៏ត្រូវគិតឱ្យបានល្អិតល្អន់មុនផ្សាយអត្ថបទព័ត៌មានស្តីពីជម្លោះ ដើម្បីចៀសវាងការយល់ច្រឡំគ្នាកាន់តែធំ និងពង្រីកជម្លោះកាន់តែខ្លាំងឡើង។

ទី១០៖ ផ្តើមពីនោះ វ.ន.ស.ក. សូមអំពាវនាវដោយទទូចជាថ្មីទៀតដល់និពន្ធនាយក និងអ្នកកែសម្រួលអត្ថបទព័ត៌មាននៃប្រទេសមានជម្លោះជាមួយកម្ពុជាត្រូវប្រកាន់យកជំហរដូចគ្នាដើម្បីរក្សាភាពថ្លៃថ្នូរ ក្រមសីលធម៌ និងសុខដុមរមនាសម្រាប់ប្រទេសដែលមានព្រំដែនជាប់គ្នា។

ទី១១៖ វ.ន.ស.ក. ស្នើស្ថាប័ន អង្គការ សមាគមពាក់ព័ន្ធរៀបចំវេទិកា កិច្ចពិភាក្សាដើម្បីផ្តល់ឱកាសដល់ និពន្ធនាយក និងអ្នកកែសម្រួលអត្ថបទព័ត៌មាននៅកម្ពុជាបានជួបជាមួយសមភាគីនៃប្រទេសជិតខាងក៏ដូចជានៅក្នុងតំបន់ ពិសេសប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យបានញឹកញាប់ទាំង ទ្វេភាគី និងពហុភាគី ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងជួយសម្រាលភាពតានតឹងក្នុងករណីដែលប្រទេសរបស់ខ្លួនមានជម្លោះនឹងគ្នា។

ទី១២៖ វ.ន.ស.ក. ក្នុងស្ថានភាពនៃជម្លោះដែលបានសម្លាប់ជីវិតមនុស្ស និងបង្ករបួសស្នាមជាបន្តបន្ទាប់ រួមទាំងជនស៊ីវិល ក្នុងនោះមានស្ត្រី កុមារ រហូតដល់អ្នកសារព័ត៌មាន យើងសូមអំពាវនាវចំពោះអ្នកសារ ព័ត៌មានអន្តរជាតិទាំងអស់ឱ្យមកយកព័ត៌មានដោយផ្ទាល់ ផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានតុល្យភាព និង មានទំនួលខុសត្រូវតាមវិជ្ជាជីវៈដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងឈានទៅបញ្ឈប់សង្គ្រាមតែម្តង។

និងទី១៣៖ វ.ន.ស.ក. ស្នើដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ស្ថាប័នសារព័ត៌មានគប្បីចូលរួមកសាង ឯកសាររស់ (រូបភាព រូបថត សំឡេង អត្ថបទ) ពីវិនាសកម្មសង្គមដែលកើតចេញពីជម្លោះព្រំដែន ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រជាតិ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង