ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរីនៅម៉ាឡេស៊ី និងរដ្ឋមន្ត្រីការបរទេសឡាវពិភាក្សាផ្ដោតសំខាន់លើការវិវត្តនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ

96

ម៉ាឡេស៊ីឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានជួបទ្វេភាគីជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់នូវសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាមួយគ្នាថ្មីៗនេះ នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញាកន្លងទៅ។ ជំនួបថ្ងៃនេះ បានផ្ដោតសំខាន់លើការវិវត្តនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។

ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសជម្រាបជូន លោក Vivian Balakrishnan អំពីស្ថានភាពថ្មីៗ ដោយសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ឱ្យមានបទឈប់បាញ់ អំពាវនាវឱ្យមានការចរចាតាមផ្លូវការទូត និងកិច្ចសន្ទនាប្រកបដោយស្ថាបនា ដើម្បីធានានូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា បន្តជួបជាមួយ រដ្ឋមន្ត្រីការបរទេសឡាវ ពិភាក្សាជុំវិញការឈ្លានពានរបស់យោធាថៃ មកលើដែនដីកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ លោក ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការទទួលបដិសណ្ឋារកិច្ច និងការរៀបចំដ៏ល្អឥតខ្ចោះ ជូនគណៈប្រតិភូកម្ពុជា អំឡុងពេលក្នុងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ និងទស្សនកិច្ចផ្លូវការរបស់លោករដ្ឋមន្ត្រី នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីខែវិច្ឆិកាកន្លងទៅ។

កិច្ចប្រជុំបានផ្តោតសំខាន់លើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសការវិវត្តនៃស្ថានការណ៍ជម្លោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវកង្វល់យ៉ាងខ្លាំង អំពីស្ថានការណ៍ដែលកាន់តែអាក្រក់ទៅៗនៅតាមបណ្តោយព្រំដែន និងបានបញ្ជាក់សារជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការស្តារប្រក្រតីភាពឡើងវិញ តាមរយៈការដោះស្រាយដោយសន្តិវិធី ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមរវាងប្រជាជន និងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង