នៅវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនានាប្រជាពរដ្ឋខ្មែរមកពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាមកចូលរួមពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខ្មែរ បាន និមន្ត និងជួបជុំគ្នានៅបរិវេណវិមានឈ្នះ-ឈ្នះ ដើម្បីរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជា ណាចក្រកម្ពុជា» ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។
គោលបំណងនៃការជួបជុំគ្នានាឱកាសនេះ ដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និង ស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុង ប្រឈមនឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា។
ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការរួបរួម និងការឯកភាពរបស់ប្រជាជនខ្មែរ ក្នុងការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល និងបងៗវីរៈកងទ័ព និងវីរៈនគរបាលជាតិ ព្រមទាំងការឈរលើឆន្ទៈរួមដោយបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា ប៉ុន្តែត្រូវការស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រជាជនប្រទេសទាំងពីរ តាមគោលការណ៍អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា ។
ពិធីសាសនានាឱកាសនោះ មានកិច្ចឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរយុទ្ធខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ដែលនេះជាការបង្ហាញក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិមាតុភូមិ ។
ក្រៅពីកិច្ចសាសនា ការបួងសួងសុំសេចក្តីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់មហាជនខ្មែរ ត្រូវបានមើលឃើញថា ជាសារនយោបាយ និងមនុស្សធម៌ដ៏ច្បាស់លាស់របស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាចង់បានសន្តិភាព កម្ពុជាត្រូវការសន្តិភាព ហើយកម្ពុជាពិតជាមានចេតនា ស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើកិច្ចសន្ទនា ការទូត និងច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាពសង្គម និង ធានាអនាគតជាតិប្រកបដោយសុខសាន្ត ដែលជាមូលដ្ឋាននៃការអភិវឌ្ឍយូរអង្វែង។
មហាជនខ្មែរបានមកជួបជុំគ្នានៅបរិវេណវិមាន ឈ្នះ-ឈ្នះនេះ ព្រះសង្ឃ និងពុទ្ធបរិស័ទនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ក៏បាននិមន្ត និងជួបជុំគ្នានៅទីតាំងសុវត្ថិ ភាពតាមបណ្តារាជធានីខេត្ត រៀងៗខ្លួន ដើម្បីរួមគ្នាបង្ហាញឆន្ទៈសង្គមច្បាស់លាស់ ក្នុងការបដិសេធស ង្គ្រាម និងគាំទ្រដំណោះស្រាយសន្តិវិធី ឈានឆ្ពោះទៅរកសន្តិភាពមួយពិតប្រាកដសម្រាប់កម្ពុជា៕
