ព្រឹទ្ធសភាបង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ដោយឲ្យយោបល់និងអនុម័តលើសេចក្ដីព្រាងច្បាប់សំខាន់ៗមួយចំនួន
ភ្នំពេញ៖ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៦នេះ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា។
យោងតាមសេចក្តីជូនដំណឹង បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់ យកថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៩៖០០នាទី បន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖
ទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។
ទី២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។
ទី៣៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។
ទី៤៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀងក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
និងទី៥៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោម កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕
