ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនភៀសសឹក១៦.៧៥៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ,បច្ចុប្បន្នមានជនភៀសសឹក ១៨៦.៧៦០នាក់ កំពុងបន្តស្នាក់នៅជំរំ

94

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦

យោងស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បច្ចុប្បន្នភាពនៃស្ថានការណ៍រួម មានជាអាទិ៍៖

១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានជនភៀសសឹក១៦.៧៥៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមាណ៤សែន៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ខណៈជនភៀសសឹកចំនួន១៨៦.៧៦០នាក់ ក្នុងនោះស្ត្រី ៩៨.០២៧នាក់ និងកុមារ៦១.១៦៩នាក់ បន្តស្នាក់នៅជំរំ។

២-ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន១៧៦ មន្ទីរពេទ្យ/មណ្ឌល សុខភាព៣៣ រដ្ឋបាលខេត្ត១ មន្ទីរអង្គភាពជុំវិញខេត្ត៣៣ រដ្ឋបាលស្រុក៥ អង្គភាពកងកម្លាំងមានសមត្ថកិច្ចថ្នាក់ក្រុង ស្រុក១០ រដ្ឋបាលឃុំសង្កាត់២៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២៣ បានបើកដំណើរការឡើងវិញ ខណៈសាលារៀន៨៤ មន្ទីរពេទ្យមណ្ឌលសុខភាព៨ រដ្ឋបាលនៅថ្នាក់ ឃុំ-សង្កាត់១ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បន្តបិទផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទផ្អាក ខណៈស្ថាប័នផ្តល់សេវាសាធារណៈនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានបើកដំណើរការឡើងវិញ។ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព១៤ នៅបន្តបិទផ្អាក ខណៈសាលារៀន១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និងស្ថាប័នផ្តល់សេវាសាធារណៈ នៅថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការឡើងវិញ។

៣-ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ របាយការណ៍ទើបប្រមូលបាន ខេត្ត បាត់ដំបង ខូចខាតផ្ទះ១៣ខ្នង អគារ៣ រថយន្ត១ ម៉ូតូ៣ និងបង្គោលអង់តែនទូរសព្ទ១។ ខេត្តព្រះវិហារ ខូចខាតអគារ ស្នាក់នៅ/សណ្ឋាគារ៤ មន្ទីរពេទ្យ/មណ្ឌលសុខភាព១ វត្តអារាម២ ប្រាសាទបុរាណ១ និងផ្លូវ២កន្លែង។ ខេត្តឧត្តរមានជ័យ ខូចខាតវត្តអារាម៣ និងផ្លូវ២កន្លែង។ ខេត្តបន្ទាយមានជ័យ ខូចខាតអាងទឹកនិងប្រព័ន្ធទឹកស្អាត៦កន្លែង បណ្តាញ បញ្ជូនអគ្គិសនី៣កន្លែង វត្តអារាម៦ និងផ្លូវ២៤កន្លែង។ ខេត្តពោធិ៍សាត់ ខូចខាតអគារស្នាក់នៅ/សណ្ឋាគារ១ និង មន្ទីរពេទ្យ/មណ្ឌលសុខភាព១។ ដូច្នេះ បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ៣៣៦ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ១០ ស្ថានីយ៍ប្រេង៣ ផ្សារឯកជន១ រថយន្ត៣៤គ្រឿង ម៉ូតូ៨គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ៣ អាងទឹកនិងប្រព័ន្ធ ទឹកស្អាត៦កន្លែង ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន២៥ មន្ទីរពេទ្យ/មណ្ឌលសុខភាព៩ សំណង់អគារ៤២ វត្តអារាម១៧ សាលាឆទាន១ រូបសំណាក១ រថយន្ត ១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ស្ពាន៥ ផ្សារ១ ផ្លូវ៣២ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនី៣កន្លែង។

៤-កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក៖ ខេត្តព្រះវិហារ កំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាតនៅស្រុកជាំក្សាន្ត ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ ជូនពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះ បាន។ ខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបាន ខណៈមន្ត្រីកំពុងរៀបចំ ផ្ទះ និងភូមិករពលរដ្ឋចំនួន១៧២ភូមិ។ ខេត្តបន្ទាយមានជ័យ មន្ត្រីកំពុងរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នជូន។

អត្ថបទដែលជាប់ទាក់ទង