ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអាមេរិកបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនិងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ

105

ភ្នំពេញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជាពិសេសការអនុវត្តន៍សេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះជាការបញ្ជាក់របស់លោក  Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក។

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Michael George DeSombre  ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

ក្នុងជំនួបនេះ លោក DeSombre បានជម្រាបជូនសម្តេចបវរធិបតីថា រដ្ឋាភិបាល សហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទី ក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយលោកក៏បានសម្តែងសេចក្តីរីក រាយ ចំពោះយោធិនកម្ពុជា ១៨រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ។ 

លោក DeSombre បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក បន្តជំរុញការរក្សាបទ ឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ លោក DeSombre បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការ គាំទ្រ ដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និងចំនួន ១០លានដុល្លារ សម្រាប់ការ ដោះ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។  

សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានសម្របសម្រួលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងបានប្រកាសផ្តល់ជំនួយស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌។ 

សម្តេចមហាបវរធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាតែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់ ខ្ជាប់ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតី សង្ឃឹម ថា សហរដ្ឋអាមេរិក នឹងបន្តជំរុញភាគីទាំងពីរក្នុងការអនុវត្តឱ្យបានពេញលេញ នូវ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និង សេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការអនុញ្ញាតជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ដោយ គា្មន ការរារាំង និងការបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក ក្នុងការចុះវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដើម្បីជាមូលដ្ឋាន សម្រាប់ ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ 

សម្តេចបវរធិបតី និងលោក DeSombre ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព គួរឱ្យ កត់ សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកផងដែរ និងបានឯកភាពបន្តជំរុញ វិធាន ការជាក់លាក់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យ ពាណិជ្ជ កម្មនិងវិនិយោគ ការពារជាតិនិងសនិ្តសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអនុវត្តច្បាប់  រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

លោក DeSombre បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន ១០លាន ដុល្លារ សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោក តាម ប្រព័ន្ធបច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង