ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញបានដាក់ចេញជាផែនការជាទ្រង់ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់

104

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ចេញជាផែនការជាទ្រង់ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់ហើយផ្តើមការត្រួតពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS

  ការដាក់ចេញជាផែនការខាងលើនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១២ មករា ២០២៦នេះ ក្នុងកិច្ចប្រជុំ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន នៅសាលារាជធានីភ្នំពេញ។

  ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ហើយការងារនេះ កងកម្លាំងសមត្ថកិច្ចរបស់យើងរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរ ហើយកន្លងមករហូតបង្ក្រាបបានជាបន្តបន្ទាប់ទាំង ONLINE SCAMSនិងការចាប់ជម្រិតជាដើម។

   ឯកឧត្ដម អភិបាលរាជធានីបានបន្តទៀតថា ជាផែនការចំពោះមុខ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) យើងអនុវត្តជាលក្ខណៈទ្រង់ទ្រាយធំមួយ ជាមូយនិងការកំណត់ទីតាំងច្បាស់លាស់ ពីមួយខណ្ឌទៅមួយខណ្ឌ ពិសេសនៅតំបន់ដែលមានអ្នករស់នៅច្រើនហើយដែលយើងមានការសង្ស័យ។ គ្រប់ខុនដូនិងតាមទីតាំងរស់នៅប្រមូលផ្តុំទាំងអស់ត្រូវតែមានការត្រួតពិនិត្យ។

  ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ 

ក្រៅពីបង្ក្រាប ONLINE SCAMSហើយ ល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោងកន្ទុយលេខ ឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ចំពោះការងារការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់សាធារណៈក៏ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង១៤ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង