ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាគីថៃស្នើលើកពេលសាជាថ្មី ជាលើកទី២ ដោយលើកហេតុផលរង់ចាំនីតិវិធី ផ្ទៃក្នុងដើម្បីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ-JBCភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើត 

108

ភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ- អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ដែលកម្ពុជាបានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្ត សៀមរាប ត្រូវបានភាគីថៃឆ្លើយតបនិងស្នើលើកពេលសាជាថ្មី ជាលើកទី២ ដោយលើកហេតុផលរង់ចាំនីតិវិធី ផ្ទៃក្នុងដើម្បីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ-JBCភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើត ឡើង ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈនាពេលខាងមុខ។

ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿន ការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារ ដូចខាងក្រោម៖

១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរនឹងធ្វើការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកំណត់ពេលវេលានិងទីតាំងជាក់លាក់ នៃការចុះលើដីជាក់ស្តែង។

សូមគូសបញ្ជាក់ផងដែរថា ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរកម្ពុជា-ថៃ បានចាប់ផ្តើមធ្វើការវាស់វែងនិង បោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានផ្អាកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្រ្គាមឈ្លានពានមកលើអធិបតេយ្យនិង បូរណភាពទឹកដីកម្ពុជា។

២- ស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា។

អត្ថបទដែលជាប់ទាក់ទង