ឯកឧត្ដម ឃួង ស្រេង ចុះជួបផ្ទាល់ជាមួយអាជីវករប្ដូរទីតាំង ផ្តល់ការអនុគ្រោះលេីកលែងថ្លៃចាក់សំរាមនៅទីលាន រយៈពេល ១ឆ្នាំធ្វើការសម្របសម្រួលជាមួយម្ចាស់ផ្សារឯកជនមួយឈ្មោះថា “ផ្សារតាម៉ាប់ព្រែកជ្រៃ”
ភ្នំពេញ៖តបតាមសំណូមពររបស់អាជីវករដែលបានមកជួបសំណេះសំណាលជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដមអភិបាលបានដឹកនាំក្រុមការងារចុះមកពិនិត្យ និងធ្វើការសម្របសម្រួលបន្ថែមជាមួយម្ចាស់ផ្សារឯកជនមួយ ដែលមានឈ្មោះថា “ផ្សារតាម៉ាប់ព្រែកជ្រៃ” ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដេីម្បីដោះស្រាយកង្វល់មួយចំនួនរបស់បងប្អូន ដែលចង់ផ្លាស់ប្ដូរពីការលក់គ្មានសណ្ដាប់ធ្នាប់នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈជុំវិញតំបន់ផ្សារដើមគ ទៅលក់ដូរនៅទីតាំងនោះវិញ។
ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងនេះ ឯកឧត្ដមអភិបាលរាជធានិភ្នំពេញបានពិភាក្សាដោយមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាមួយម្ចាស់ផ្សារ និងទទួលបានការឯកភាពតាមលក្ខខណ្ឌមួយចំនួន។
ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលបានផ្តល់ការធានាអះអាងក្នុងការជួយរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅជុំវិញ ផ្សារតាម៉ាប់ព្រែកជ្រៃ រួមមាន៖ ១. ធ្វើការជួសជុលផ្លូវ និងបំពាក់បន្ថែមអំពូលភ្លើងបំភ្លឺសាធារណៈតាមដងផ្លូវ ២១៧ ។
២. សហការជាមួយម្ចាស់ផ្សារតំឡើងអំពូលភ្លើងតាមច្រកផ្លូវក្នុងបរិវេណផ្សារ,៣. ជួយសិក្សាគម្រោងបង្ហូរទឹកកខ្វក់ និងតម្រូវឱ្យម្ចាស់ផ្សាររៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។
៤. ផ្តល់ការអនុគ្រោះលេីកលែងថ្លៃចាក់សំរាមនៅទីលាន រយៈពេល ១ឆ្នាំ ដោយម្ចាស់ផ្សារត្រូវធានាមិនយកកម្រៃអនាម័យពីអ្នកលក់ដូរ។
ដូច្នេះសូមបងប្អូនអាជីវករមេត្តាស្ងប់ចិត្ត និងទទួលយកនូវជម្រើសសមរម្យណាមួយដែលអាជ្ញាធរបានព្យាយាមសម្របសម្រួលជូន ហើយបងប្អូនអាចមានជម្រើសទៅលក់ដូរនៅទីតាំងផ្សារដេីមគរថ្មី ឬផ្សារតាម៉ាប់ព្រែកជ្រៃ ក៏បាន ប៉ុន្ដែហាមដាច់ខាតមិនត្រូវលក់នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡេីយ។
ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា៖អ្វីដែលអាជ្ញាធររាជធានីភ្នំពេញចង់បាន គឺអាជីវករទាំងអស់បញ្ឈប់ការលក់ដូរ លេីដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងកកស្ទះចរាចរណ៍បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ១៧លាននាក់។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ដើម្បីបង្កការងារស្រួលដល់បងប្អូនអាជីវករ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ភ្លើងបំភ្លឺសាធារណៈថ្មីចាប់ពីព្រំប្រទល់ខេត្តកណ្តាលរហូត មកដល់ក្នុងផ្សារតាម៉ាប់ព្រែកជ្រៃ ហើយបើកខឿនពុះចែកទ្រូវផ្លូវ២១៧ឱ្យបានធំទូលាយ ហើយណែនាំឱ្យតាម៉ាប់ប្រធានផ្សារចាក់បេតុង ដាក់ថ្មម៉ិចក្នុងផ្សារ។
ប្រធានផ្សារតាម៉ាប់ព្រែកជ្រៃបញ្ជាក់ថា៖ ផ្សារមានផ្ទៃដីជាង១០ហិកតា ដែលអាចទទួលអាជីវករលក់ដូរបានដោយមានស្តង់អាជីវកម្មបន្លែ ផ្លែ ឈើនិងត្រីសាច់បរាប់ពាន់ស្តង់ ដែលអាចឱ្យបងប្អូនអាជីវករលក់ដូរចំពោះបងប្អូន លក់ជាកញ្ច្រែង ល្អី ពួកគាត់ក៏អាចមកលក់បាន ដោយមិនត្រូវបង់ថ្លៃនោះទេ។
ចំណែកបងប្អូនអាជីវករវិញបានសម្តែងនូវក្តីរីករាយនិងកក់ក្តៅយ៉ាងខ្លាំង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអភិបាលរាជធានី នៅពេលដែលពួកគេសម្រេចចិត្តមកលក់ដូរនៅផ្សារថ្មីនេះ៕
