ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារនិងដាក់ទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

83

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ.ប.ឆ.ប. ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដាក់ទិសដៅបន្តក្នុងការបោសសម្អាត ការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខ សាន្ត របស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើ កិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។ 

សម្តេចមហាបវរធិបតី បានលើកឡើងផងដែរថា ដោយមើលឃើញពីគ្រោះថ្នាក់ ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។ 

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបង្ហាញការចង់ឃើញការចូលរួមជាមួយនឹង ការប្តេជ្ញា ចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការ ចូល រួម ពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជ ការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួបរួមគ្នាជា កម្លាំង មហា សាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ ព័ន្ធនឹងឧក្រិដ្ឋកម្ម ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។

របាយការណ៍របស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចុះពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅតាមគោលដៅចំនួន ១១៨ទីតាំង ក្នុង១៨ រាជធានីខេត្ត។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤ ៩៨៣នាក់ ក្នុងនោះមាន ស្ត្រី ចំនួន ៩៧៩នាក់ មកពី២៣សញ្ជាតិ រួមមានជនជាតិចិន(ចិនតៃវ៉ាន់) វៀតណាម ឥណ្ឌូ នេស៊ី ឥណ្ឌា បង់ក្លាដេស ថៃ កូរ៉េខាងត្បូង ប៉ាគីស្ថាន នេប៉ាល់ ម៉ាឡេស៊ី ជប៉ុន ភូមា ហ្វីលី ពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា អ៊ុយហ្គង់ដា សេរ៉ាឡេអូន ម៉ុងហ្គោលី រុស្ស៊ី ស្រីលង្កា អាល់ ហ្សេរ៉ី និងសឹង្ហបូរី។

របាយការណ៍របស់ គ.ប.ឆ.ប. បានឱ្យដឹងទៀតថា រយៈពេលជិត ៦ខែចុងក្រោយឆ្នាំ២០២៥ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងធំៗចំនួ ន៣៥ ពាក់ព័ន្ធនឹងមុខ សញ្ញាមេខ្លោង និងបក្ខពួកសមគំនិតសរុបចំនួន ១៦៨នាក់ ដែលមានជនជាតិចិន(ចិនតៃវ៉ាន់) វៀតណាម ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ភូមា ម៉ាឡេស៊ី និងជនជាតិខ្មែរទៅតុលាការ។

ជាមួយគ្នានេះ ជនបរទេសចំនួន ៤ ០៣៩នាក់ ក្នុងនោះស្ត្រី ៦០៥នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឲ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្សផងដែរ៕

អត្ថបទដែលជាប់ទាក់ទង