អធិការនគរបាលខណ្ឌឫស្សីកែវ អំពាវនាវដល់សប្បុរសជន បន្តគាំទ្រជាសម្ភារៈ និងថវិកា ដើម្បីយកមកជួសជុល និងសាងសង់របង និងដំបូល អធិការដ្ឋានខណ្ឌ
ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់សប្បុរសជន ឱ្យចូលរួមគាំទ្រ លើគម្រោងជួសជុល កែលម្អ សាងសង់របង និងដំបូលអធិការដ្ឋានខណ្ឌ ឱ្យសម្រេចបានតាមគម្រោង ។
ប្រាប់បណ្ឌាញសារព័ត៌មាននាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ការងារជួសជុលកែលម្អរអគារអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដំណាក់កាលទី១ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានរួចរាល់ និងឈានចូលដល់ការងារដំណាក់កាលទី២ គឺធ្វើរបងព័ទ្ធទៅខាងក្រោយអធិការដ្ឋាននគរបាលខណ្ឌ ដែលលយទៅមាត់ទន្លេ និងប្រក់ដំបូល អធិការដ្ឋាននគរបាលខណ្ឌ ។
លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត បានបន្តថា ការងារជួសជុលកែលម្អ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សរុបមកដល់ពេលនេះ សម្រេចការងារបានប្រមាណ ៦០% ក្នុងនោះរួមមាន ការជួសជុលកែលម្អអគារ បន្ទប់ការងារ និងទីធ្លាខាងក្នុងអធិការដ្ឋាននគរបាលខណ្ឌ ខណៈ ៤០% ទៀត គឺការងារធ្វើរបង អភិវឌ្ឍលើផ្ទៃដីក្រោយអធិការដ្ឋាននគរបាលខណ្ឌ ដែលលយទៅមាត់ទន្លេ និងចាក់បេតុង ធ្វើដំបូលគ្រោងដែកប្រក់ស័ង្កសី ។
ជុំវិញការងារជួសជុលកែលម្អនេះ លោកអធិការនគរបាលខណ្ឌ បានបញ្ជាក់ថា ការជួសជុលកែលម្អសម្រេចបាន ៦០% នោះ គឺទទួលបានការជួយគាំទ្រពីសប្បុរសជន មួយចំណែកធំ ។ ជាមួយនេះ អធិការដ្ឋាននគរបាលខណ្ឌ ក៏បានបន្តការងារ ក្នុងការជួសជុលធ្វើរបង និងដំបូល ដែលជាដំណាក់កាលទី២ ហើយនៅខ្វះសម្ភារៈ និងថវិកា ដោយលោកអធិការនគរបាលខណ្ឌ សូមអំពាវនាវដល់សប្បុរសជន ជួយបន្តគាទ្រជាសម្ភារៈ និងថវិកា ក្នុងការយកមកបង្គ្រប់កិច្ចការដែលនៅសេសសល់នេះ ។
ជាមួយគ្នានេះដែរ លោកអធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងកងកម្លាំងនគរបាល ដែលបានជួយកៀរគរសប្បុរសជន ចូលរួមគាំទ្រ និងអភិវឌ្ឍន៍លើគម្រោងជួសជុលកែលម្អ សាងសង់បន្ថែមសំណង់អាគារ និងសង់របង អធិការខណ្ឌឫស្សីកែវ ឱ្យសម្រេចបានតាមផែនការនាពេលខាងមុខ ៕
