ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃមាសបន្តឡើងថ្លៃដល់៦១៥០ដុល្លារក្នុងមួយតម្លឹងតែអ្នកមកទិញច្រើនដើម្បីទុកលក់ចំណេញនៅពេលខាងមុខពឹងថាតម្លៃនឹងបន្តកើនឡើងថែមទៀត

73

ភ្នំពេញ៖តម្លៃមាសក្នុងទីផ្សារ កំពុងស្ថិតក្នុងនិន្នាការកើនឡើង ដែលនៅថ្ងៃនេះតម្លៃហាងឆេងមាស បានកើនឡើងដល់ ៦១៥០ដុល្លារក្នុងមួយតម្លឹង នៅលើទីផ្សារកម្ពុជា។

បើទោះបីជាតម្លៃមាសកើនឡើងដល់ជាង ៦០០០ដុល្លារក្នុងមួយតម្លឹងក៏ដោយ ប៉ុន្តែនៅតាមបណ្តាហាងលក់មាសខ្លះមិនបានស្ងាត់នោះទេ ដោយនៅតែមានអ្នកទៅទិញមាសទុកលក់ចំណេញ ដោយពួកគេរំពឹងថា តម្លៃមាសនឹងបន្តកើនឡើងថែមទៀត ព្រោះស្ថានភាពពិភពលោកស្ថិតក្នុងភាពមិនល្អប្រសើរ។ 

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះសន្ទុះនៃអ្នកមកទិញមាសទុកបានកើនឡើងច្រើន សម្រាប់ទុកលក់ចំណេញ ដោយពួកគាត់រំពឹងថា តម្លៃមាសនឹងកើនឡើងថែមទៀតនៅពេលខាងមុខ។

អ្នកមកទិញច្រើន ប្រហែលភ្ញៀវដែលមកទិញមាសដុំច្រើនក្នុងអំឡុងពេលនេះ គាត់មើលហាងឆេងអន្តរជាតិ ដោយគាត់គិតថា អាចនឹងឡើងខ្ពស់ជាងនេះទៀត។ បើធៀបជាមួយនឹងកាលហាងឆេងឡើងដល់៥៩០ក្នុងមួយជី ភ្ញៀវបុកមកលក់ច្រើន តែពេលឡើងដល់ ៦០០ក្នុងមួយជីមិនសូវមានភ្ញៀវយកមកលក់ទេហើយម្សិលមិញឡើងដល់ ៦០៥ក្នុងមួយជីក៏អត់មានភ្ញៀវមកលក់ដែរ មានតែភ្ញៀវមកទិញ»។ 

អ្នកតាមដានតម្លៃហាងមាស នៅលើទីផ្សារអន្តរជាតិ លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរកិច្ច នៃក្រុមហ៊ុន GFGI បានឱ្យដឹងថា តម្លៃមាសក្នុងទីផ្សារ កំពុងស្ថិតក្នុងនិន្នាការកើនឡើង  ដែលការកើនឡើងនេះ កើតឡើងគឺដោយសារវិនិយោគិនមានការបារម្ភពីអស្ថិរភាពសេដ្ឋកិច្ច និងនយោបាយសកល។

ព្រមជាមួយគ្នានេះ មានកត្តាផ្សេងៗដែលកំពុងមានឥទ្ធិពលលើមាសក្នុងពេលនេះ ដូចជា គោលនយោបាយរូបិយវត្ថុរបស់អាមេរិក (Fed)ដោយសារការរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក ជាកត្តាជំរុញឱ្យតម្លៃមាសឡើងថ្លៃ។ នៅពេលអត្រាការប្រាក់ចុះថោក ប្រាក់ដុល្លារអាមេរិកចុះខ្សោយ ដែលធ្វើឱ្យមាសមានភាពទាក់ទាញជាងមុន។

ទន្ទឹមគ្នានេះ ភាពតានតឹងភូមិសាស្ត្រនយោបាយ ក៏ជាកត្តាដែលជះឥទ្ធិពលដល់ការកើនឡើងតម្លៃផងដែរ។ លោកបានពន្យល់ថា «ដូចដែលយើងបានពិភាក្សាពីមុន អស្ថិរភាពរវាង អាមេរិកអ៊ីរ៉ង់ និងជម្លោះនៅមជ្ឈិមបូព៌ា បានជំរុញឱ្យវិនិយោគិនសម្រុកទិញមាសទុក ដើម្បីការពារហានិភ័យពីសង្គ្រាម»៕

អត្ថបទដែលជាប់ទាក់ទង