រាល់ការលើកសំណើសុំតែងតាំងមុខតំណែងដំឡើងឋានន្តរស័ក្តិនគរបាលជាតិត្រូវអនុវត្តតាមបទដ្ឋានគតិយុត្តរបស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់ អគ្គនាយកដ្ឋានធនធានមនុស្ស និងអង្គភាពពាក់ព័ន្ធ រាល់ការលើកសំណើស្នើសុំតែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្តិ ផ្ទេរសម្រួលភារកិច្ចមន្ត្រី នគរបាលជាតិ ត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំនានារបស់ក្រសួងមហាផ្ទៃ និង ប្រកាសលេខ៨៧៤ ប្រ.ក ស្តីពីរបៀបរបបការងារនិងការប្រគល់សិទ្ធិលើការងារតែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្តិ ផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិ និងរៀបចំរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ។
ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញបិទសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ដែលបានរៀបចំឡើងនៅសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា ចំពោះការស្នើតែងតាំងមុខតំណែងនាយផ្នែកចុះ ដំឡើងឋានន្តរស័ក្តិចាប់ពីអនុសេនីយ៍ឯកចុះ និងការបង្កើត ផ្នែកចំណុះការិយាល័យ ត្រូវអនុវត្តតាមប្រកាសដែលបានកំណត់ ពោលគឺត្រូវសុំទិដ្ឋាការពី អ.ធ.ម. ជាមុនសិន មុននឹងធ្វើការសម្រេចតែងតាំង និងដំឡើងឋានន្តរស័ក្តិ។ បន្ថែមលើនេះ ចំពោះការស្នើសុំកែសម្រួលតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធអង្គភាពណាមួយ ថ្នាក់ផ្នែក ការិយាល័យ ឬនាយកដ្ឋាន ត្រូវមានការពិនិត្យ ផ្តល់យោបល់ពីអគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីចៀសវាងការជាន់ភារកិច្ចអង្គភាពដទៃ ឬធ្វើឱ្យមានការ រីកប៉ោងរចនាសម្ព័ន្ធ។
ជាមួយគ្នានេះ ក្នុងនាម អភិសន្តិបណ្ឌិត ស សុខា, សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ការងារសម្រេចបានក្នុងឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងទទួលស្គាល់នូវកិច្ចខិតខំ ប្រឹងប្រែងនិងពុះពារក្នុងការអនុវត្តភារកិច្ចសំខាន់ៗ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី និងមានកិច្ចសហការល្អពីអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត ពិតជាមានការប្រែប្រួលជាសារវន្តទៅលើការងារកំណែទម្រង់ធនធានមនុស្ស។
លោកបានកត់សម្គាល់ថា ក្រោមការខិតខំយកចិត្តយកទុកដាក់របស់ អគ្គនាយកដ្ឋានធនធានមនុស្ស មន្ត្រីរាជការមានវិន័យកាន់តែប្រសើរនិងបំពេញការងារមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់។ ការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ ស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ននិងប្រសិទ្ធភាព ដែលមានចំណេះដឹង ជំនាញ បទពិសោធ គុណវុឌ្ឍជាក់លាក់និងលក្ខណសម្បត្តិ របស់បេក្ខជនស្របតាមតម្រូវការការងាររបស់អង្គភាពនីមួយៗ។ ការតែងតាំងមុខតំណែង ការដំឡើងឋានន្តរស័ក្តិ ការផ្ទេរភារកិច្ចមន្ត្រី ការខ្ចីមន្ត្រី ការផ្ទេរមន្ត្រីពី ក្របខ័ណ្ឌមួយទៅក្របខ័ណ្ឌមួយទៀត បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍ណែនាំនិងបទប្បញ្ញត្តិ កំណត់ និងការអនុវត្តទណ្ឌកម្មខាងវិន័យ ត្រូវបានអនុវត្តតាមគោលការណ៍និងបទប្បញ្ញត្តិកំណត់ ព្រមទាំង ផ្អែកលើអង្គហេតុដែលសាមីខ្លួនបានប្រព្រឹត្តល្មើសបទវិន័យមន្ត្រីរាជការ។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានលើកឡើងថា ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានធនធានមនុស្សសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖
ទី១-ការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សម្រេចបានចំនួន ៨៩.៨៧% ស្របតាមផែនការ យុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានធនធានមនុស្ស។
ទី២-បានសម្របសម្រួលនិងពង្រឹងទំនាក់ទំនងល្អជាមួយអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាល រាជធានី ខេត្ត ពាក់ព័ន្ធនឹងការងារបុគ្គលិក ក្នុងគោលបំណងឱ្យអង្គភាពដែលមានការពាក់ព័ន្ធទាំងអស់ បានយល់ដឹងច្បាស់អំពីតួនាទី ភារកិច្ចស្នូលរបស់អគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីរួមគ្នារៀបចំធនធានមនុស្ស របស់ក្រសួងមហាផ្ទៃឱ្យសម្រេចបានជោគជ័យ។
ទី៣-បានផ្តួចផ្តើមគំនិតកែសម្រួលនិងបង្កើតលិខិតបទដ្ឋានគតិយុត្តថ្មីៗជាច្រើនបន្ថែមទៀត ដើម្បី បម្រើការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ដល់មន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ រួមមាន អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំ។
ទី៤-ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដោយចាត់បញ្ជូនមន្ត្រីរាជការទៅ បណ្តុះបណ្តាលជំនាញទាំងក្នុងនិងក្រៅប្រទេស រយៈពេលខ្លីនិងរយៈពេលវែង ដើម្បីលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈមន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ ឱ្យស្របតាមការវិវឌ្ឍរបស់សង្គមជាតិ។
ទី៥-បានធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ ដើម្បីគ្រប់គ្រងបច្ចុប្បន្នភាព មន្ត្រីរាជការទាំង Offline និង Online ការឆែកព័ត៌មានមន្ត្រីរាជការម្នាក់ៗនៅតាមអង្គភាពនីមួយៗ សម្រាប់ បម្រើការងារជំនាញ និងកម្មវិធីវត្តមានសម្រាប់ការសុំច្បាប់ឈប់គ្រប់ប្រភេទ។
ទី៦-អនុវត្តតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត អគ្គនាយកដ្ឋានធនធានមនុស្ស បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនិងអង្គភាពពាក់ព័ន្ធ រៀបចំផែនការយុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស រយៈពេល៥ឆ្នាំ (២០២៦-២០៣០) របស់ក្រសួងមហាផ្ទៃ ដែលជា ផែនទីបង្ហាញផ្លូវសម្រាប់ធ្វើកំណែទម្រង់ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។
ទី៧-បានលើកយោបល់លើសំណើសុំតែងតាំងមន្ត្រីរាជការឱ្យបំពេញភារកិច្ចទៅតាមជំនាញ និង បទពិសោធរបស់មន្ត្រីម្នាក់ៗ ស្របតាមគោលការណ៍ដែលបានកំណត់។
ទី៨-បានរៀបចំមុខតំណែងនិងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិឱ្យមានលក្ខណៈសមស្រប និងមាន របៀបរៀបរយក្នុងកងជួរ ស្របតាមការងារកំណែទម្រង់ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ៕
