ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំភ្លឺស្តីពីដំណើរការផ្លូវច្បាប់និងការបញ្ជូនខ្លួនលោកចេនហ្ស៊ី

70

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺ ស្ដីពីដំណើរការផ្លូវច្បាប់ ដឹងការបញ្ជូនខ្លួន លោក ចេន ហ្ស៉ី ទៅកាន់ប្រទេសចិន។ 

ខាងក្រោមនេះ គឺជាការបំភ្លឺឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធឃោសនា ទាក់ទងនឹងដំណើរការផ្លូវច្បាប់និងការបណ្ដេញលោក ចេន ហ្ស៊ី របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖

– ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបណ្តេញលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន ដែលជាប្រទេសដើមកំណើតរបស់ខ្លួន គឺធ្វើឡើងដោយផ្អែកតាមច្បាប់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា អនុវត្តជំនួយផ្លូវច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌រវាងប្រទេសទាំងពីរ។ 

– ការដកហូតសញ្ជាតិកម្ពុជាពីលោក ចេន ហ្ស៊ី បានអនុវត្តយ៉ាងហ្មត់ចត់តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ (ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥) ជាពិសេសមាត្រា២៩ថ្មី កថាខណ្ឌទី៤ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ (ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥) មាត្រា៥២ កថាខណ្ឌទី៤។ ផ្អែកលើមាត្រាទាំងពីរនេះ ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋដែលទទួលបានសញ្ជាតូបនីយកម្ម ត្រូវធ្វើឡើង ប្រសិនបើបុគ្គលនោះ ត្រូវបានរកឃើញថា បានទទួលសញ្ជាតិខ្មែរតាមរយៈការក្លែងបន្លំ ឬដោយការផ្ដល់ព័ត៌មានមិនពិត ក្នុងអំឡុងពេលនៃការដាក់ពាក្យស្នើសុំសញ្ជាតិ។ 

– ការបណ្តេញចេញនេះ គឺជាសិទ្ធិសម្រេចដោយអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើការរកឃើញភាពមិនប្រក្រតីនៃការទទួលបានសញ្ជាតិ។ ការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះនីតិរដ្ឋ។ ជាការពិត វាគឺជានីតិវិធីច្បាប់ប្រកបដោយស្តង់ដារមួយ ហើយមិនគួរជាប្រធានបទយកមកបកស្រាយខុស ដោយគ្មានមូលដ្ឋាននោះឡើយ។ 

– ប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចរបស់កម្ពុជា នៅតែមានភាពរឹងមាំ។ ការបញ្ជូនខ្លួនបុគ្គលនានាក្នុងក្របខ័ណ្ឌច្បាប់ គឺជាដំណើរការផ្លូវការនៃជំនួយផ្នែកច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ព្រមទាំងបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះច្បាប់ជាតិ និងកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន។ 
ការអនុវត្តច្បាប់ម៉ឹងម៉ាត់បែបនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង