កម្ពុជា-អាមេរិក ៖មានទំហំពាណិជ្ជកម្មកើនដល់ជាង៧.៤ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំ២០២៦
ភ្នំពេញ៖ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានបន្តបង្ហាញពីកំណើនដ៏រឹងមាំ ដោយសម្រេចបានទំហំទឹកប្រាក់សរុបជាង ៧.៤ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៣១.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទីផ្សារអាម៉េរិក សម្រាប់ កម្ពុជា។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា។ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានរហូតដល់ ៥.៦ពាន់លានដុល្លារ កើនឡើង២៩.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំ ៥.៥ពាន់លានដុល្លារ។
ជាមួយគ្នានេះ ការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជា ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយសម្រេចបានទំហំ ៣០៧លានដុល្លារ មានកំណើន ៨៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនទាំងការនាំចេញ និងការនាំចូលនេះ បានសបញ្ជាក់ឱ្យឃើញពីភាពរឹងមាំ និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មនេះ មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តជំរុញ និងពង្រីកសក្តានុពលពាណិជ្ជកម្មនេះ ដើម្បីធានានូវកំណើនប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ៕
