រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិតនៅប្រទេសចិន
សៀងហៃ៖ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្ដីពីអភិបាលកិច្ចសកល នៃបញ្ញាសិប្បនិម្មិត នៅក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងជាន់ខ្ពស់នៃប្រទេសចំនួន៦៥ តំណាងអង្គការសហប្រជាជាតិ ព្រមទាំងអង្គការតំបន់និងអន្តរជាតិនានា សរុបប្រមាណ ៤០០នាក់។
ក្នុងកិច្ចប្រជុំនេះ បណ្តាហត្ថលេខីនៃកិច្ចព្រមព្រៀងបង្កើតអង្គការ WAICO បានបញ្ជាក់ជាថ្មីពីជំហររបស់ខ្លួន ក្នុងការពូនជ្រុំក្របខណ្ឌសកល ក្នុងការធ្វើអភិបាលកិច្ច និងបង្កើនកិច្ចសហការលើបញ្ញាសិប្បនិម្មិត។
បណ្តាប្រទេសផ្សេងទៀត ដែលមានវត្តមានបានគាំទ្រស្មារតីរួមមួយថាបរិវត្តកម្មបញ្ញាសិប្បនិម្មិតគប្បីចាត់ទុកសុខមាលភាពមនុស្សជាអាទិភាព និងត្រូវបែងចែកផ្លែផ្កា ដោយសមធម៌ជាមួយគ្រប់បណ្ដាប្រទេស។
ឆ្លៀតឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Minette Libom Li Likeng រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកាមេរូន និងលោក Nguema Nze រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថលនៃសាធារណរដ្ឋកុងហ្គោ ដើម្បីពិភាក្សា ផ្លាស់ប្ដូរបទពិសោធអំពីបរិវត្តកម្មឌីជីថល និងអញ្ជើញសមភាគីទាំងពីរ ចូលរួមកម្មវិធី Francotech ដែលនឹងរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
