ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីហ៊ុនម៉ាណែតរម្លឹកដល់អ្នកគ្រប់គ្នាថាកុំចាំធ្វើធំចាំបញ្ចេញស្នាដៃនេះជាកំហុសធំណាស់,ធ្វើអ្វីត្រូវធ្វើឱ្យជោគជ័យ 

23

សៀមរាប៖នៅចំពោះនិស្សិតជ័យលាភី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកថា កុំចាំធ្វើធំ ចាំបញ្ចេញស្នាដៃ ឱ្យសោះចំណុចនេះគឺជាកំហុសធំណាស់។ ដូច្នេះ ធ្វើអ្វីត្រូវធ្វើឱ្យជោគជ័យ ហើយកុំប្រកាន់ខ្លួនលើការងារឱ្យសោះ។

ការរម្លឹកបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ South-East Asia ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តការងារ នេះ ភាពបត់បែន គឺការច្នៃប្រឌិត ការដោះស្រាយបញ្ហាចំពោះមុខ យកមូលដ្ឋានដែលយើងចេះ ពីសាលាយកទៅអនុវត្ត ប្រសិនបើជួបឧបសគ្គរៀនត្រូវដោះស្រាយបន្ថែមទៀត ដើម្បីបង្ហាញនូវសមិទ្ធកម្ម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកយ៉ាងដូច្នេះថា៖ «ហើយកុំចាំធ្វើធំ ចាំញ្ចេញស្នាដៃ ខុសធំណាស់ទាល់តែខ្ញុំធ្វើរដ្ឋលេខាធិការ ចាំខ្ញុំបញ្ចេញស្នាដៃ បើអ៊ឹចឹងអត់ទេ ខ្ញុំរៀនបានប៉ុណ្ណឹងដែលឱ្យខ្ញុំ Photocopy ម៉េចអត់ទេ រឿងហ្នឹងមួយ រឿងពិត…!»

ត្រង់ចំណុចនេះត្រូវបាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មាននាយទាហានម្នាក់ទៅសិក្សានៅក្រៅប្រទេស ត្រូវបានថ្នាក់លើគ្រោងឱ្យគាត់ទៅកាន់ជំនាញមួយ ។ ប៉ុន្តែ ថ្នាក់លើបានប្រគល់តួនាទីជាជំនួយការ និងចាប់ផ្តើមធ្វើការផ្នែក copy ឯកសារជាមុនសិន តែនាយទាហានរូបនេះបានបដិសេធមិនបំពេញតួនាទីដែលថ្នាក់លើប្រគល់ឱ្យ ពីព្រោះសំអាងថាខ្លួនបានបញ្ចប់ការសិក្សាលើជំនាញផ្សេងទៅវិញ។

«អ្វីដែលខ្ញុំនិយាយកុំប្រកាន់ការងារ ធ្វើអី ធ្វើពេលណា ធ្វើឱ្យល្អទៅកុំគិតថា ទាល់តែខ្ញុំមកធ្វើប្រធាន ព្រោះខ្ញុំមានសញ្ញាបត្រ ទាល់តែអញ្ចេះបានធ្វើ គឺអត់ទេ សញ្ញាបត្រមាន តែមិនទាន់បានសញ្ញាឃើញ មិនទាន់បានទំនុកចិត្តពីថ្នាក់លើ គេមិនទាន់ដឹងថាអ្នកឯងបានអីផង»។ នេះជាការគូសបញ្ជក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បើទោះបីមានចំណេះដឹង មានសញ្ញាបត្រក៏ដោយមិនត្រូវប្រកាន់ខ្លួនជាដាច់ខាត។ ដូច្នេះ ប្រសិនបើមិនខិតខំបំពេញកិច្ចការងារចាប់ផ្តើមពីចំណុចតូចមួយនេះ ច្បាស់ណាស់យើងនឹងមិនមានឱកាសធ្វើឱ្យថ្នាក់លើមានទំនុចកចិត្ត ដើម្បីប្រគល់តួនាទី ភារកិច្ចនោះទេ។ 

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចង់ទទួលបានការទុកចិត្ត ត្រូវបង្កើតលទ្ធផលឱ្យបានច្រើន។ ការចាប់ផ្តើមបញ្ចេញសមត្ថភាព និងការខិតខំប្រឹងប្រែងតាំងពីតូចតាច ឬតាំងពីដំណាក់កាលដំបូងនៃអាជីពការងារ។ ដូច្នេះ ការរង់ចាំរហូតដល់មានតួនាទីធំ ឬឋានៈខ្ពស់ទើបចាប់ផ្តើមបង្ហាញស្នាដៃ គឺជាការខាតបង់ពេលវេលា និងឱកាសដ៏មានតម្លៃ។ ផ្ទុយទៅវិញ យុវជនគប្បីប្រើប្រាស់គ្រប់ឱកាសដែលមាន ដើម្បីអភិវឌ្ឍខ្លួន បង្ហាញពីសក្តានុពល និងបង្កើតលទ្ធផលវិជ្ជមាន ទោះបីជាស្ថិតក្នុងតួនាទីតូចតាចយ៉ាងណាក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការកសាងស្នាដៃ និងបទពិសោធន៍តាំងពីដំបូងនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញការរីកចម្រើនទៅមុខ និងឈានទៅកាន់តួនាទីធំជាងមុននាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង