ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកប្រធានាធិបតីត្រាំសម្រេចផ្អាកការវាយប្រហារយោធាដែលធ្វើឡើងជាប់រាល់ថ្ងៃប្រឆាំងអ៉ីរ៉ង់ដើម្បីផ្តល់ឱកាសជាថ្មីដល់កិច្ចចរចា ,ខណះអ៉ីរ៉ង់អះអាងថាលក់ប្រេងបាន១៨ពាន់លានដុល្លារអំឡុងសង្គ្រាមនិងបទឈប់បាញ់ជាមួយអាមេរិក

27

វ៉ាស៉ីនតោន៖ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាអាមេរិកផ្អាកការការវាយប្រហារថ្មីលើអ៉ីរ៉ង់ ដែលជាការបញ្ចប់ប្រតិបត្តិការវាយប្រហារប្រចាំថ្ងៃ ធ្វើឡើងអស់រយៈពេលជិតពីររសប្តាហ៍។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយដកស្រង់សម្តីពីប្រភពដែលដឹងពីការសម្រេចចិត្តនេះ។

បន្ទាប់ពីបានយល់ព្រមឱ្យមានការវាយប្រហារជាប់រាល់ថ្ងៃ អស់រយៈពេល១៣ថ្ងៃកន្លងមក លោក ត្រាំ បានសម្រេចចិត្តមិនអនុញ្ញាតផែនការវាយប្រហារ កាលពីថ្ងៃសុក្រសប្តាហ៍នេះឡើយ។ វាមិនទាន់ច្បាស់ទេថា តើការផ្អាកនេះគ្រាន់តែបណ្តោះអាសន្ន ឬជាការផ្លាស់ប្តូរទូលំទូលាយមួយ។ សេចក្តីរាយការណ៍ របស់ Axios បានអះអាងថា ការសម្រេចចិត្តនេះបង្ហាញថា លោក ត្រាំ ហាក់ចង់ទុកលទ្ធភាពកាន់តែច្រើនសម្រាប់កិច្ចប្រឹងប្រែងការទូត ហើយលោកជឿថា កម្រិតនៃការវាយប្រហាររបស់អាមេរិកបច្ចុប្បន្ន បានឈានដល់ដែនកំណត់ជាក់ស្តែងរបស់វា ដោយមិនត្រូវពង្រីកទៅជាការប្រយុទ្ធទ្រង់ទ្រាយធំ។ ទោះបីជាកងទ័ពអាមេរិកនៅតែបន្តត្រៀមលក្ខណៈសម្រាប់ការកើនឡើងខ្លាំងថែមទៀតនៃជម្លោះក៏ដោយ លោកប្រធានាធិបតី មិនទាន់បានបញ្ជាឲ្យធ្វើបែបនោះនៅឡើយទេ។

ថ្លែងនៅសេតវិមាន លោក ត្រាំ បានលើកឡើងថា លោកអាចបន្តឬបង្កើនការវាយប្រហារ រួមទាំង ««ការកម្ទេចអ្វីៗទាំងអស់ដែលអ៉ីរ៉ង់មាន» ប៉ុន្តែលោកបានថ្លែងថា យុទ្ធសាស្ត្រឆ្លាតវៃជាងនេះ គឺសម្រេចឱ្យបានកិច្ចព្រមព្រៀងផ្លូវការជាមួយអ៉ីរ៉ង់។ លោក ត្រាំ បានបន្ថែមថា «យើងកំពុងនិយាយជាមួយអ៉ីរ៉ង់ឥឡូវនេះ។ ខ្ញុំគិតថា ពួកគេកាន់តែមានភាពប្រាកដប្រជាជាងមុន។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការវាយប្រហារ ប៉ុន្តែយើងកំពុងនិយាយជាមួយពួកគេ»»។ ក្រោយមកទៀត នៅឯពិធីជប់លៀងទទួលទានអាហារពេលល្ងាច ជាមួយសមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន លោក ត្រាំ បានថ្លែងថា លោកមិនទាន់ជឿថា អ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ក្នុងការឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ ប៉ុន្តែលោកនៅមានឆន្ទៈបន្តរង់ចាំស្តាប់ពួកគេ។

គួរបញ្ជាក់ថា បទបញ្ជាផ្អាកការវាយប្រហារលើអ៉ីរ៉ង់របស់លោក ត្រាំ គឺកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីគណៈប្រតិភូនៃប្រទេសអូម៉ង់ បានទៅដល់ទីក្រុងតេហេរ៉ង់ ដើម្បីពិភាក្សាអំពីការរៀបចំថ្មីមួយ សំដៅបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ប្រភពក្នុងតំបន់បានឲ្យដឹងថា ការចរចាមានភាពរីកចម្រើន ហើយអូម៉ង់និងអ៉ីរ៉ង់ អាចឈានដល់ការព្រមព្រៀងគ្នានៅចុងសប្តាហ៍នេះ បន្ទាប់មកលោក ត្រាំ នឹងសម្រេចចិត្តថា តើត្រូវទទួលយកការព្រមព្រៀងដែលបានស្នើឡើងនោះ ដែរឬអត់។

អ៉ីរ៉ង់ អះអាងថាលក់ប្រេងបាន ១៨ពាន់លានដុល្លារ អំឡុងសង្គ្រាម និងបទឈប់បាញ់ជាមួយអាមេរិក

តេហេរ៉ង់៖ក្រសួង ប្រេងអ៉ីរ៉ង់ កាលពី ថ្ងៃ សៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ បាន ឲ្យ ដឹង ថា ប្រទេសរបស់ ខ្លួន អាច លក់ ប្រេង បាន សរុប ជាទឹកប្រាក់ ១៨ ពាន់ លាន ដុល្លារ ក្នុង អំឡុង សង្គ្រាម និង បទ ឈប់ បាញ់ ជាមួយ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួង បាន បញ្ជាក់ ក្នុង សេចក្តី ថ្លែងការណ៍ លើ គេហទំព័រ ផ្លូវការ របស់ ខ្លួន ថា «ក្រសួង លក់ ប្រេង បាន១១,៥ ពាន់ លាន ដុល្លារ ក្នុង អំឡុង សង្គ្រាម និងបាន ៦,៥ ពាន់ លាន ដុល្លារ ក្នុង អំឡុង បទ ឈប់ បាញ់» ដែល បាន ដួលរលំទៅវិញ កាលពេលថ្មីៗនេះ។ សេចក្តី ថ្លែងការណ៍ បាន បន្ថែម ថា «នេះគឺ គ្របដណ្តប់ ជាង ៦០ ភាគរយ នៃ ចំណូល ប្រេង ដែល ត្រូវបាន ព្យាករ នៅក្នុងកញ្ចប់ ថវិកា ប្រចាំ ឆ្នាំ ចំពោះមុខវិបត្តិដែលកើតឡើង»។ ប៉ុន្តែគេចាំថាកាលពី ចុង ខែ មិថុនា  លោក Mohammad Bagher Ghalibaf ដែលជាប្រធាន សភានិង ជា អ្នកដឹកនាំកិច្ចចរចា របស់ អ៉ីរ៉ង់ ធ្លាប់និយាយ ថា អ៉ីរ៉ង់ មិន អាច នាំចេញ ប្រេង បាន ទេ ក្នុង អំឡុង ពេល សហរដ្ឋអាមេរិក បិទ ខ្ទប់កំពង់ផែ របស់ ខ្លួន។

គួរបញ្ជាក់ថា ការ វាយប្រហារ របស់ សហរដ្ឋអាមេរិក-អ៉ីស្រាអែល លើ អ៉ីរ៉ង់ បាន បង្កឱ្យ ផ្ទុះជា សង្គ្រាមរាលដាលនៅមជ្ឈិមបូព៌ា កាលពី ថ្ងៃ ទី ២៨ ខែ កុម្ភៈ ដែល ជំរុញ ឲ្យ អ៊ីរ៉ង់ សងសឹក ទៅលើ សម្ព័ន្ធមិត្ត របស់ សហរដ្ឋអាមេរិក នៅ ក្នុង តំបន់។ បទ ឈប់ បាញ់ ដែលអនុវត្តតាំងពី ខែ មេសា បាន បញ្ឈប់ ការ ប្រយុទ្ធ គ្នា ភាគច្រើន ប៉ុន្តែ អរិភាព ស្រាប់តែបានផ្ទុះឡើងវិញកាលពីប៉ុន្មានសប្តាហ៍មុន ខណៈ ដែល សត្រូវ ទាំងពីរ ប្រយុទ្ធ ដណ្តើម ការ គ្រប់គ្រង ច្រក សមុទ្រ Hormuz ដ៏ សំខាន់៕

អត្ថបទដែលជាប់ទាក់ទង