ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅដើមសប្តាហ៍នេះតម្លៃប្រេងអន្តរជាតិកើនឡើងដោយសារភាពមិនច្បាស់លាស់ពាក់ព័ន្ធការបើកច្រកសមុទ្រ Hormuz

12

Reuters៖តម្លៃប្រេងឆៅ នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ បានកើនឡើងបន្តិច ដោយសារតែមានភាពមិនច្បាស់លាស់ ជុំវិញការបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងពេលឆាប់ៗ ខណៈដែលអ៉ីរ៉ង់បានលើកឡើងថា កិច្ចព្រមព្រៀងជាមួយអូម៉ង់ ស្តីពីការកំណត់ផ្លូវនាវាចរណ៍ថ្មី ជិតសម្រេចបានហើយ ប៉ុន្តែតម្រូវឱ្យសហរដ្ឋអាមេរិកបំពេញលក្ខខណ្ឌផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ៩១សេន ឬ ១.០៩ភាគរយ ដល់តម្លៃ ៨៤,៤៦ដុល្លារក្នុងមួយបារ៉ែល។ រីឯប្រេងឆៅអាមរិក West Texas Intermediate បានឡើងថ្លៃ ៦១សេន ឬ ០.៧៨ភាគរយ ដល់តម្លៃ ៧៨,៧៩ដុល្លារក្នុងមួយបារ៉ែល។ បើប្រៀបធៀបនឹងសប្តាហ៍មុន តម្លៃប្រេងទាំងពីរប្រភេទនេះ បានធ្លាក់ចុះជាង ៧ភាគរយ ដោយសារតែក្តីរំពឹងថា អ៉ីរ៉ង់ និងអូម៉ង់ អាចឈានដល់កិច្ចព្រមព្រៀងមួយ ដែលនាំទៅដល់ការបើកច្រកសមុទ្រ Hormuz។

តាមលោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Tradeក្រុមអ្នកជួញដូរ បានស៊ាំទៅនឹងលក្ខណៈមិនទៀងទាត់នៃកិច្ចចរចា ដែលពេលខ្លះដំណើរការ ហើយពេលខ្លះផ្អាក ហើយពួកគេកំពុងរង់ចាំមើលភាពជាក់ស្តែង ដូចជាចរាចរណ៍នាវាដឹកប្រេង ឬកិច្ចព្រមព្រៀងផ្លូវការ មុនពេលកាត់បន្ថយការគិតគូរអំពីហានិភ័យ៕

អត្ថបទដែលជាប់ទាក់ទង