ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះធម្មវនវាសីចន្ទមុន្នីនិងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងចែកអាហារថ្ងៃត្រង់ដល់បេក្ខជនប្រឡងបាក់ឌុបជាង៥ពាន់នាក់

16

កំពង់ឆ្នាំង៖នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ព្រះធម្មវន វាសីចន្ទមុន្នី ព្រះចៅអធិការវត្តចន្នប្បជោត្តនារាម ហៅវត្តតាសុត និងជាព្រះបាឡាត់គណស្តីទីខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកកញ្ចប់អាហារថ្ងៃត្រង់ បង្អែម និងទឹកសុទ្ធ ចែកជូនដល់បេក្ខជនប្រឡងជាង ៥ពាន់នាក់ នៅទូទាំង ៨មណ្ឌលក្នុងខេត្តកំពង់ឆ្នាំង។

ពិធីចែកអំណោយនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារសសយកខេត្តជាច្រើនរូបផងដែរ។ ការផ្តល់ជូននេះ គឺក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយការចំណាយរបស់សិស្សានុសិស្ស និងអាណាព្យាបាល ព្រមទាំងលើកទឹកចិត្តដល់បេក្ខជនប្រឡង ជាពិសេសអ្នកដែលមកពីតំបន់ឆ្ងាយៗ ឱ្យមានកម្លាំងកាយចិត្តមាំមួន ដើម្បីបន្តការប្រឡងឱ្យទទួលបានជោគជ័យ និងនិទ្ទេសល្អ។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះធម្មវន វាសីចន្ទមុន្នី ដែលបានយកព្រះទ័យទុកដាក់ និងគិតគូរយ៉ាងខ្លាំងចំពោះបេក្ខជនទាំងអស់នៅខេត្តកំពង់ឆ្នាំង។ កាយវិការដ៏ថ្លៃថ្លានេះ ពិតជាបានឆ្លុះបញ្ចាំងពីការលើកកម្ពស់ធនធានមនុស្ស ដែលជាកម្លាំងសក្តានុពលរបស់សង្គមជាតិ ក្នុងការបន្តការសិក្សាទៅកម្រិតឧត្តមសិក្សា។ បេក្ខជនប្រឡងទាំងអស់ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងព្រះធម្មវន វាសីចន្ទមុន្នី ចំពោះការគាំទ្រដ៏មានតម្លៃនេះ។

គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០២៦ សម្រាប់ខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡងចំនួន៨ ដែលក្នុងនោះមានមណ្ឌលវិទ្យាសាស្ត្រចំនួន១ និងមណ្ឌលវិទ្យាសាស្ត្រសង្គមចំនួន៧ ដោយមានបេក្ខជនសរុបចំនួន ៥០៥៣នាក់៕

អត្ថបទដែលជាប់ទាក់ទង