ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន JICA ៖ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កំពុងអនុវត្តគម្រោង៤ បន្ថែមទៀត ក្នុងការជួយដល់រាជធានីភ្នំពេញ

20

ភ្នំពេញ៖ ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កំពុងអនុវត្តគម្រោង៤ បន្ថែមទៀត ក្នុងការជួយដល់រាជធានីភ្នំពេញ។
នេះបើតាមការលើកឡើងរបស់ លោក សានុយ កាហ៊្សុម៉ាសា (Mr. SANUI Kazumasa) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ខណៈជួបសម្តែងការគួរសម ជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២០សីហានេះនៅសាលារាជធានីភ្នំពេញ។
លោក សានុយ កាហ៊្សុម៉ាសា បានមានប្រសាសន៍ថា៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA ក្នុងរយៈពេលជាង៣០ឆ្នាំនេះ បានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍ។ ជាក់ស្តែងនៅពេលនេះ JICAបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តគម្រោងជំនួយចំនួន៤បន្ថែមទៀត ដល់រាជធានីភ្នំពេញ។ គម្រោងទាំង៤នេះ រួមមាន ទី១. គម្រោងអភិវឌ្ឍន៍យន្តការគ្រប់គ្រងដឹកជញ្ជូនចម្រុះក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះទើបតែបានបញ្ចប់សេចក្តីព្រាងផែនការមេ ហើយគ្រោងនឹងដាក់ចូលក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងដើម្បីពិនិត្យ និងពិភាក្សាលម្អិតចុងក្រោយ នៅអំឡុងខែកញ្ញាខាងមុខនេះ។ ទី២. គម្រោងរៀបចំផែនការមេសម្រាប់ការគ្រប់គ្រងសំណល់រឹងទីក្រុង ដែលជាគម្រោងសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងបរិស្ថាន និងបានចាប់ផ្ដើមអនុវត្តតាំងពីខែកុម្ភៈឆ្នាំ ២០២៦មក។ ទី៣. គម្រោងអភិវឌ្ឍន៍សមត្ថភាពជូនរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ (ជំហានទី២) និងទី៤. គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ដែលគម្រោងនេះ គ្រោងនឹងបញ្ចុះបឋមសិលា នៅដើមឆ្នាំ២០២៨ខាងមុខនេះ។
ជុំវិញគម្រោងខាងលើនេះអង្គការ JICA ក៏បានស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញ ដើម្បីចូលរួមប្រជុំរៀងរាល់១ត្រីមាសម្តង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយក្នុងការអនុវត្តគម្រោង ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ និងផ្លែផ្កាតាមការគ្រោងទុក។
ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ដែលការអភិវឌ្ឍរីកចម្រើនទាំងនេះ គឺមិនអាចផ្តាច់បានពីការចូលរួមគាំទ្រពីដៃគូរអភិវឌ្ឍន៍នានា រួមទាំងអង្គការ JICA ផងដែរ។ អង្គការ JICA បានជួយលើកិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រង់ធនធានទឹក ការផ្គត់ផ្គង់ទឹកស្អាត អគ្គីសនី ថាមពល អប់រំ ច្បាប់ កសិកម្ម និងលំហូរចរាចរណ៍នៅ ព្រមទាំងការកសាងធនធានមនុស្សជូនរាជធានីភ្នំពេញតាមរយៈវគ្គបណ្តុះបណ្តាលជាច្រើន ទាំងរយៈពេលខ្លី និងរយៈពេលវែង ដែលបានធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្ដម អភិបាលបានមានប្រសាសន៍បន្តទៀតថា ទីលានចាក់សំរាមនៅខណ្ឌដង្កោ បានពេញហើយ មិនអាចបន្តចាក់បន្ថែមទេ។ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបង្វែរទៅចាក់ទីលានថ្មីនៅតំបន់ទួលព្រិច ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទីលានចាក់សំរាមថ្មីនេះ មានទំហំ១៤០ហិកតា ដោយគ្រោងនឹងបើកឱ្យប្រើប្រាស់នៅដើមនៅឆ្នាំក្រោយ។
ឯកឧត្ដម ឃួង ស្រេងក្នុងឱកាសនោះក៏បានស្នើសុំឲ្យអង្គការ JICA ពិចារណាបញ្ចូលការងារជួសជុលថែទាំទំនប់ការពារទឹកជំនន់នៅស្ទឹងព្រែកត្នោត (ទំនប់៧មករា) ចូលទៅគម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយបង្ហូរទឹក ភាគខាងលិចឈាងខាងត្បូងរាជធានីភ្នំពេញផង។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលបានអញ្ជើញលោកប្រធានអង្គការ JICAនិងក្រុមការងារ ដើម្បីចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជាក់ស្តែងជាមួយគ្នា នៅទីតាំងទំនប់ការពារទឹកជំនន់ព្រែកត្នោត (ទំនប់៧មករា) និងទីលានចាក់សំរាមថ្មីទួលព្រិចនៅពេលសមស្របណាមួយនាពេលខាងមុខ។ ក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តម ឃួង ស្រេង ក៏បានស្នើសុំទៅអង្គការ JICA ជួយផ្ដល់នូវរូបភាពផ្កាយរណប និងផែនទី Digital របស់រាជធានីភ្នំពេញដែលបានថតរួច ដើម្បីរដ្ឋបាលរាជធានីភ្នំពេញមានមូលដ្ឋានយកមកប្រើប្រាស់ក្នុងការសិក្សាប្លង់មេប្រើប្រាស់ដីធ្លី ឆ្នាំ២០៣៥-២០៥០ឱ្យបានសមស្របតាមទិដ្ឋភាពជាក់ស្តែង។ ជាការឆ្លើយតប លោក សានុយ កាហ៊្សុម៉ាសា បានឯកភាពទទួលយកនូវសំណូមពរទាំងអស់នេះ និងសន្យាពិភាក្សាជាមួយទៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង