ជនដៃដល់ដែលបានយកដបវាយក្បាលជនរងគ្រោះនៅហាង SAVAGE ក្នុងខណ្ឌបឹងកេងកងបានរត់គេចទៅប្រទេសវៀតណាម
ភ្នំពេញ៖បន្ទាប់ពីស្រាវជ្រាវបឋម រយៈពេលមួយថ្ងៃមកនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នៅប៉ុន្មាននាទីមុននេះ បានអះអាងថា ជនបង្ក ឈ្មោះ ឆេង ភារុណ អាយុ២៥ឆ្នាំ ដែលបានយកដប វាយក្បាលជនរងគ្រោះ នៅហាង SAVAGE ក្នុងខណ្ឌបឹងកេងកង យប់មិញនោះ បានរត់គេចទៅប្រទេសវៀតណាមហើយ។
តាមបណ្ដាញសង្គម ឯកឧត្ដមស្នងការនគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ប្រាប់មហាជនដូច្នេះថា «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រក់បាវិតចូលប្រទេសវៀតណាមហើយ»។
ទោះជាយ៉ាងនេះក្តី ឯកឧត្ដមឧត្តមសេនីយ៍ស្នងការ បានធានាថា សមត្ថកិច្ចរបស់លោក នឹងមិនដកដៃក្នុងការតាមចាប់ខ្លួនជនខាងនោះទេ។ លោកក៏បានអំពាវនាវ ឱ្យបក្ខពួក និងក្រុមគ្រួសារជនបង្ក ហៅជននេះឱ្យចូលខ្លួនទៅកន្លែងសមត្ថកិច្ចផងដែរ ព្រោះថា រូបគេ មិនអាចរត់គេចខ្លួនបានមួយជីវិតទេ។
ករណីជម្លោះរហូតកើតហិង្សានេះ បានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទីឆ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ករណីហិង្សានេះ កើតឡើងដោយសារតែកាត់ដើរប៉ះគ្នានៅក្នុងហាង។ ក្រោយមក ពួកគេក៏ប៉ះសំដីគ្នាបបន្តទៀត ខណៈដែលជនរងគ្រោះ កំពុងប៉ះសម្ដីគ្នាជាមួយបុរសម្នាក់ ដែលជាមេរបស់ជនបង្ក ភ្លាមៗនោះ ជនបង្កបានយកដប វាយក្បាលជនរងគ្រោះ បែកខ្ចាយតែម្ដង៕
