ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៉ីរ៉ង់៖ទីក្រុងតេហេរ៉ង់នឹងធ្វើដូចគ្នាភ្លាមៗបើអាមេរិកត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងខែមិថុនាវិញ

38

ប៊ីស្កេកប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ថា ទីក្រុងតេហេរ៉ង់នឹងធ្វើដូចគ្នាភ្លាមៗ ប្រសិនបើសហរដ្ឋអាមេរិក វិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀង សម្រេចបានកាលពីក្នុងខែមិថុនា ដែលមានគោលដៅឆ្ពោះទៅបិទបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

«ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើសហរដ្ឋអាមេរិកវិលត្រឡប់ទៅបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុស្សរណៈនៃការយោគយល់គ្នាវិញនោះ សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នឹងឆ្លើយតបដោយធ្វើដូចគ្នាភ្លាមៗ»។ លោក Pezeshkian បានថ្លែងយ៉ាងដូច្នេះ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។

អនុស្សរណៈនៃការយោគយល់ខាងលើ មានគោលដៅបិទបញ្ចប់ការប្រឈមមុខដាក់គ្នា អស់រយៈពេលជាច្រើនខែរវាងតេហេរ៉ង់ និងវ៉ាស៊ីនតោន ដែលបានចាប់ផ្តើម កាលពីចុងខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក បានរួមដៃនឹងអ៉ីស្រាអែល វាយប្រហារលើអ៉ីរ៉ង់ និងសម្លាប់អតីតមេដឹកនាំកំពូល លោក Ayatollah Ali Khamenei។ កិច្ចព្រមព្រៀងនោះ ក្រោយមក បានដួលរលំទៅវិញ ដោយភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Pezeshkian ធ្វើឡើង ខណៈដែលច្រកសមុទ្រ Hormuz នៅតែជាចំណុចវិវាទចម្បងបំផុត រវាងអ៉ីរ៉ង់និងអាមេរិក។ ប្រទេសទាំងពីរ បានចាប់ផ្តើមវាយប្រហារដាក់គ្នាឡើងវិញ កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា បន្ទាប់ពីមានភាពស្ងប់ស្ងាត់ អស់រយៈពេលប្រមាណជាងមួយខែ។

មកទល់ពេលនេះ ទីក្រុងតេហេរ៉ង់នៅតែរក្សាការបិទខ្ទប់ច្រកសមុទ្រ Hormuz ហើយបាននិយាយថា ខ្លួននឹងវិលត្រឡប់ទៅបំពេញតាមការប្តេជ្ញាចិត្ត ក្រោមកិច្ចព្រមព្រៀងវិញ ដែលក្នុងនោះរួមមានទាំងការបើកច្រក Hormuz ឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិក ព្រមធ្វើដូចគ្នា។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បាននិយាយដូច្នេះថា «សហរដ្ឋអាមេរិក ត្រូវតែវិលត្រឡប់ទៅបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន និងអនុវត្តអ្វីដែលប្រធានាធិបតីរបស់នៃប្រទេសទាំងពីរ បានចុះហត្ថលេខាក្រោមកិច្ចព្រមព្រៀងនេះ»។ លោកបានបន្ថែមថា «ក្នុងករណីនោះ អ្វីៗទាំងអស់នឹងអាចត្រូវនាំត្រឡប់ទៅរក គន្លងផ្លូវត្រឹមត្រូវវិញ»៕

អត្ថបទដែលជាប់ទាក់ទង