ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីមីយ៉ាន់ម៉ាទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយពីថ្ងៃទី១១ និង១២ ខែកញ្ញា

55

ភ្នំពេញ៖លោក មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចផ្លូវ រដ្ឋនៅកម្ពុជានាសប្តាហ៍ក្រោយនេះហើយ ពោលទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២៦។

ដំណើរបំពេញទស្សនកិច្ចរបស់លោក មីន អោង ឡាំង នឹងត្រូវទទួលបដិសណ្ឋារកិច្ចដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះមហាក្សត្រ។

ជាមួយនឹងដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិបដិសណ្ឋារកិច្ចកម្រិតខ្ពស់។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈិន កេតនា ទេសរដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងរៀបចំផែនការសកម្មភាពលម្អិត ក្នុងពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូដឹកនាំដោយ លោក មីន អោង ឡាំង។

ក្នុងកិច្ចប្រជុំមានការចូលរួមអំពីលោក លោកស្រីតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្ត កណ្ដាល រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា ហើយកិច្ច ប្រជុំបានផ្ដោតសំខាន់លើការរៀបចំកិច្ចការពិធីការ សន្តិសុខ សណ្តាប់ធ្នាប់ និង សោភ័ណភាព ដើម្បីធានាឱ្យព្រឹត្តិការណ៍ផ្លូវរដ្ឋនេះប្រព្រឹត្តទៅដោយរលូន និងលើកកម្ពស់កិត្តិយសជាតិ។

លោក ឈិន កេតនា បានលើកកិច្ចការងារចំពោះមុខមួយចំនួនជូនអង្គប្រជុំ និងបែងចែកភារកិច្ច ដល់អាជ្ញាធរ រាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ ទទួលបន្ទុករៀបចំតុបតែងលម្អតាមដងផ្លូវ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងរៀបចំកម្លាំងមហាជន សិស្សានុសិស្ស និង យុវជន ចូលរួមឈរអបអរសាទរទទួល និងជូនដំណើរ គណៈប្រតិភូនៅតាមដងផ្លូវដែលបានកំណត់។

រដ្ឋបាលខេត្តកណ្តាល សហការការពារសន្តិសុខ និងសុវត្ថិភាពតាមតំបន់ព្រំប្រទល់ និងផ្លូវឆ្ពោះទៅកាន់ អាកាស យានដ្ឋានអន្តរជាតិតេជោ។ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុង ជ្រោយ លើកិច្ចការបដិសណ្ឋារកិច្ច អនាម័យ និងសោភ័ណភាពនៅតាមបណ្តាប្រាសាទបុរាណ ក្នុងករណីគណៈ ប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្ត្រអង្គរ។

លោក ឈិន កេតនា ក៏បានជម្រាបអង្គប្រជុំអំពីការងារពិធីការ និងការផ្សព្វផ្សាយ ដោយណែនាំឱ្យគ្រប់ស្ថាប័ន ពាក់ ព័ន្ធចងទង់ជាតិកម្ពុជា ទង់ជាតិមីយ៉ាន់ម៉ា និងបដាពាក្យស្លោកស្វាគមន៍នៅតាមដងផ្លូវសំខាន់ៗ អាកាស យានដ្ឋាន និងទីតាំងស្នាក់នៅ។

លោកទេសរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការធានាសន្តិសុខ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរ មានសមត្ថកិច្ច ត្រូវសហការគ្នាយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារសុវត្ថិភាពជូនគណៈប្រតិភូជាន់ខ្ពស់ចាប់ តាំង ពីពេលមកដល់ រហូតដល់បញ្ចប់បេសកកម្មផ្លូវរដ្ឋនេះ។

សូមបញ្ជាក់ថា លោក មីន អោង ឡាំង ក្រោយឈ្នះឆ្នោតដឹកនាំប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងពង្រឹងទំនាក់ ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ ហើយបានធ្វើដំណើរទស្សនកិច្ចនៅបណ្តាប្រទេសនានាជាបន្តបន្ទាប់។ ប្រទេសដែលលោកបានបំពេញទស្សនកិច្ចរួមមានចិន រុស្ស ឥណ្ឌា ថៃ និងវៀតណាមជាដើម។

ដំណើរទស្សនកិច្ចនៅកម្ពុជា ត្រូវបានគេមើលឃើញថា ជាដំណើរទស្សនកិច្ចដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង