ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងនគរបាលត្រូវធ្វើជាគំរូក្នុងការគោរពអនុវត្តច្បាប់ដោយការអនុវត្តវិន័យត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិនមុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ

13

កែប៖ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីនគរបាល និងកងកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ដោយការអនុវត្តវិន័យ និងច្បាប់ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខាមានប្រសាសន៍ ណែនាំបែបនេះ ក្នុងពិធីពិសម្ពោធ ដាក់ឲ្យ ប្រើប្រាស់ ជាផ្លូវការ នូវអគារ ឃុំឃាំង អគារ រដ្ឋបាល និង សមិទ្ធផល នានា នៅពន្ធនាគារ ខេត្តកែប នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាល និងមន្ត្រីដែលប្រើប្រាស់ឯកសណ្ឋាន ត្រូវប្រើឯកសណ្ឋានឱ្យបានត្រឹមត្រូវតាមគោលការណ៍ និងត្រូវរក្សាភាពជាគំរូដល់ប្រជាពលរដ្ឋ ជាពិសេស រាល់ពេលធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ដើម្បីបង្ហាញពីការគោរពច្បាប់ និងធ្វើជាគំរូល្អក្នុងសង្គម។

ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងរៀបចំការចុះត្រួតពិនិត្យយានយន្ត ដោយផ្តោតលើការប្រើប្រាស់ ស្លាកលេខក្លែងក្លាយ និងយានយន្តដែលមិនបានបំពេញកាតព្វកិច្ចពន្ធ ព្រមទាំងចាត់វិធានការតាមច្បាប់ ចំពោះយានយន្តដែលរកឃើញថាមានការប្រព្រឹត្តល្មើស។

ការចុះត្រួតពិនិត្យ និងអនុវត្តច្បាប់នេះ ត្រូវអនុវត្តដោយស្មើភាព និងមិនមានការលើកលែង ដោយមន្ត្រីមានសមត្ថកិច្ចត្រូវចាប់ផ្តើមអនុវត្តច្បាប់លើខ្លួនឯង និងមន្ត្រីក្នុងជួររបស់ខ្លួនជាមុន ដើម្បីធានាបាននូវភាពជាគំរូ និងភាពជឿទុកចិត្តពីប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង