ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា ទេព បូព្រឹក្ស តារាចម្រៀង​ប្រចាំផលិតកម្មហង្សមាស ត្រូវគេ ជះស្រា និងគប់កំប៉ុងស្រាបៀរដាក់ពេលកំពុងច្រៀងនៅលើឆាក

187

ភ្នំពេញ៖ តារាចម្រៀងល្បី​ប្រចាំផលិតកម្មហង្សមាស គឺកញ្ញា ទេព បូព្រឹក្ស បានយំស្រែកដាក់ក្នុងវីដេអូឡាយ ក្នុងបណ្តាញហ្វេសបុក ក្រោយពីកញ្ញាត្រូវបុគ្គលសង្ស័យមួយរូប បានជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរទៅលើកញ្ញា ដោយមិនដឹងមូលហេតុ ពេលកំពុងតែច្រៀងនៅលើឆាកនៅពីមុខទស្សនិកជនរាប់សិបនាក់ ដែលបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជាង ១០យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ជារឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយនិងកក្រើកពេញក្នុងបណ្តាញសង្គមហ្វេសបុក ដែលស្ថិតនៅក្នុងភោជនីយដ្ឋាន សមុទ្រ ។

នៅមុនពេលកើតហេតុ​ កញ្ញាបាននិយាយថា កញ្ញាត្រូវច្រៀងនិងសម្ដែងនៅក្នុងកម្មវិធី​ Hite X’mas Edition Party ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅភោជនីយដ្ធាន សមុទ្រ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ (Hite) របស់ប្រទេសកូរ៉េ ហើយកញ្ញាមកដល់កន្លែងនេះ ត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត លុះនៅមុនពេលកើតហេតុបន្តិច កញ្ញាមកដល់ម៉ោង៩៖៥០នាទី ហើយម៉ោងដែលកញ្ញាត្រូវច្រៀងគឺម៉ោង១០យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ ក៏គប់កំប៉ុងស្រាបៀរដាក់កញ្ញាតែម្តងខណៈពេលកំពុងច្រៀងនៅលើឆាក។

ទើបធ្វើឲ្យ​កញ្ញា​ ទេព​ បូព្រឹក្ស​ កើតទុក្ខមិនសុខចិត្ត ទើបធ្វើការ Live វិដេអូផ្ទាល់ នៅលើ Facebook ផ្ទាល់ខ្លួន​របស់កញ្ញា​ រហូតមហាជន​អ្នកនិយមលេងហ្វេសប៊ុក Likes និង Shares ចែកចាយ Video ​របស់កញ្ញាបន្តបន្ទាប់គ្នា​ រាប់បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ជើញរបស់ភោជនីយដ្ឋានខាងលើ ដែលជា​ Events របស់ក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េនោះ​។

ដោយនៅក្នុងវិដេអូ Live នោះដែរ​ គេលឺសឡេងម្ចាស់ហាង​បានព្យាយាមនិយាយទៅកាន់កញ្ញា​ ទេព​ បូព្រឹក្ស​ ដើម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា​ រឿងគេយក​កំប៉ុង​ស្របៀរគប់មកនាងខ្ញុំប៉ុណ្ណោះហើយ សម្រួលយ៉ាងម៉េច? ដោយកញ្ញា​ បូព្រឹក្ស​ មិនព្រមសម្រួល​ទេ ហើយខណៈកំពុងតែស្រែកច្រៀងសុខៗស្រាប់តែ មានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាសគេ និងខឹងសម្បាយ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។

ភ្លាមៗនោះគេឃើញ លោក ដេវីត ក៏បានមកដល់ និងចូលទៅដោះស្រាយ នៅក្នុងភោជនីយដ្ឋាននោះ ដោយមានការភ្ញាក់ផ្អើលដល់​ក្រុមអ្នកយកព័ត៌មានស្ទើរគ្រប់ស្ថាប័ន​ និងសមត្ថកិច្ចចុះទៅកន្លែងកើតហេតុផងដែរ។

បន្ទាប់ពីធ្វើសកម្មភាពអសីលធម៌មួយនេះ ជនសង្ស័យ បានគេចខ្លួនបាត់ស្រមោល។ អ្វីដែលកញ្ញាមិនអស់ចិត្តនោះ គឺកញ្ញា ចង់ឲ្យអ្នកប្រព្រឹត្តិចេញមុខសុំទោសកញ្ញាជាសាធារណៈ តែត្រូវបានម្ចាស់ហាងកាន់ជើងនិងឲ្យគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។

កញ្ញា ទេព បូព្រឹក្ស បន្ថែមថា ខាងម្ចាស់ហាងឲ្យកញ្ញាមកច្រៀងនៅម៉ោង ១០យប់ ហើយកញ្ញាបានមកដល់មុននៅម៉ោង ៩និង៥០នាទី គឺបន្ទាប់ពីចេញពីច្រៀងការប្រគំតន្ត្រីមួយនៅក្នុងមជ្ឈមណ្ឌល កោះពេជ្រ ដោយសុខចិត្តជិះម៉ូតូដើម្បីមកច្រៀងឲ្យក្នុងកម្មវិធីនេះ តែកញ្ញាមិននឹកស្មានថា ជួបរឿងបែបនេះទាល់តែសោះ ហើយកញ្ញាហូសចិត្តជាទីបំផុត ជាមួយនិងម្ចាស់ហាង ដែលមិនមានការទំនួលខុសត្រូវផងដែរ ក្នុងនាមជាម្ចាស់ហាង នៅពេលដែលមានភ្ញៀវប្រព្រឹត្តនូវអំពើដ៏មិនគប្បីបែបនេះ ។

ក្រោយពីមានការភ្ញាក់ផ្អើលរួចមក ក៏ឃើញមានកម្លាំងសមត្ថកិច្ច បានចេញមកជួយអន្តរាគមន៍ក្នុងករណីនេះ នៅមិនទាន់ទទួលបានព័ត៌មានលម្អិតច្បាស់លាស់ ពីខាងភាគីម្ចាស់ហាងនៅឡើយ ។ ចំពោះបុគ្គលសង្ស័យ ដែលគេចខ្លួនបាត់នោះ តើសមត្ថកិច្ច មានវិធានការបែបណា ដើម្បីស្វែងរកមុខនៅជនសង្ស័យ ដែលហានប្រព្រឹត្តនូវអំពើប្រមាថលើតារាចម្រៀងយេយេដ៏ល្បីប្រចាំផលិតកម្មហង្សមាស ដោយទង្វើស្មោគគ្រោកនិងអសីលធម៌ យកមកទទួលទោសតាមផ្លូវច្បាប់ ។

នៅទីកន្លែងកើតហេតុ លោក នួន ចាន់ដេវិត G-Devith ដែលជាដៃគូរចម្រៀង​ និងជាគូស្នេហ៍ បានប្តឹងសមត្ថកិច្ច ឲ្យធ្វើការវែកមុខស្វែងរកជនដៃដល់ ដែលបានប្រព្រឹត្តអំពើហិង្សា នឹងប្រមាថមើលងាយកញ្ញាទេព បូព្រឹក្ស ឲ្យមកទទួលខុសត្រូវមុខច្បាប់ ដែលខ្លួនបានប្រព្រឹត្តលើកញ្ញាទេព បូព្រឹក្ស៕

អត្ថបទដែលជាប់ទាក់ទង