ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហោស្រព​គីហ្សូណា ​​​កម្ពុជា និង​​ជប៉ុន លើក​ទី​៨

172

រាជធានី​ភ្នំពេញ៖ មហោស្រព​គីហ្សូណា​ជប៉ុន-កម្ពុជា​ លើក​ទី៨ ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ “​បទពិសោធន៍​ជា​មួយ​គ្នា​” នៅ​ក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​បុរាណ និង​ទំនើប​នានា​របស់​កម្ពុជា និង​ជប៉ុន​ ​ក៏​ដូចជា​ការ​ផ្លាស់ប្ដូរ​វប្បធម៌​​​ បង្កើន​ទំនាក់ទំនង​​ និង​កិច្ចសហការ​កាន់​តែ​ស្និទ្ធស្នាល​​រវាង​​ព្រះរាជាណាចក្រ​កម្ពុជា និង​​ជប៉ុន ។

លោក​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបាន​អញ្ជើញ​ជា​គណៈអធិបតី​រួម​​​ក្នុង​​ពិធី​បើក​​​មហោស្រព​​នេះ ដែល​​ប្រព្រឹត្ត​ទៅ​ចាប់​​ពី​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ដល់​ថ្ងៃ​​អាទិត្យ​​ ៥​រោច ខែ​មាឃ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​នៃ​កម្ពុជា-ជប៉ុន (CJCC)។ សូម​ជម្រាប​ថា​មហោស្រព​គីហ្សូណា ​ជប៉ុន-កម្ពុជា ​ត្រូវ​បាន​រៀបចំ​ឡើង​រៀងរាល់​ឆ្នាំ​ គឺ​ចាប់​តាំងពី​ឆ្នាំ​ ២០១២ មក​ម្ល៉េះ។

លោក ហូរីណូអ៊ុជិ ថ្លែងនៅក្នុងសុន្ទរកថាថា ដោយសារតែគ្រប់កម្មវិធី ទាំងអស់នៅក្នុងមហោស្រពឆ្នាំនេះ គឺរួមបញ្ចូលបទពិសោធន៍ ដែលអ្នកចូលរួមអាចធ្វើ សកម្មភាពរួមគ្នា ជាមួយនឹងសិល្បករ ឬអ្នកសម្តែងជប៉ុន និងកម្ពុជា ដូច្នេះគាត់សង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងរីករាយ ជាមួយបទពិសោធន៍នានា ក្រោមប្រធានបទ “Experience Together”។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា មហោស្របគីហ្សូណា កម្ពុជា-ជប៉ុន ជាមហោស្រប ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយវប្បធម៌ កម្ពុជា-ជប៉ុន ក៏ដូចជាដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យចេះស្គាល់ទាំងកន្លែងវប្បធម៌ និងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ហោស្របគីហ្សូណា កម្ពុជា-ជប៉ុន ឆ្នាំ២០១៩ លើកទី៨នេះ ដែលបានធ្វើឡើងក្រោមប្រធានបទ បទពិសោធន៍ជាមួយគ្នា មជ្ឈមណ្ឌល សហប្រតិបត្តិការណ៍កម្ពុជា-ជប៉ុន ដែលបានសហការរៀបចំកម្មវិធីនេះឡើង បានផ្តល់ឱកាសឲ្យយុវជនកម្ពុជា និងយុវជនជប៉ុន ដើម្បីស្គាល់ និងទស្សនានូវរូបភាពដ៏ស្រស់ស្អាត នៃទំរង់បែបប្រពៃណី និងសម័យទំនើបរបស់ប្រទេសកម្ពុជា និងរបស់ជប៉ុន។

លោកបានថ្លែងអំណរគុណដល់សិល្បករ សិល្បការិនី ជប៉ុន-កម្ពុជា ដែលផ្តល់ការជួយដល់ប្រជាជនទាំងអស់ឲ្យបានស្គាល់ និងផ្ដល់តម្លៃចំពោះវប្បធម៌បានពេញលេញរបស់កម្ពុជា និងជប៉ុន។

លោកបានបញ្ជាក់ទៀតថា នៅក្នុងមហោស្របគីហ្សូណាកម្ពុជា-ជប៉ុន ឆ្នាំ២០១៩នេះ គឺអាចបានស្វែងយល់ ពីសិល្បៈច្នៃប្រឌិត និងវប្បធម៌ កម្មវិធីអប់រំកម្ពុជា-ជប៉ុនដូចគ្នា ហើយនេះគឺជាឱកាសមួយ ដើម្បីពង្រឹងនូវការយល់ដឹង អំពីវប្បធម៌ រវាងប្រទេសជប៉ុន-កម្ពុជា ហើយជាពិសេសឯកអគ្គរដ្ឋទូតជប៉ុន ក៏បានលើកឡើងថា យើងនឹងបានទស្សនាល្ខោនបាសាក់ ដែលជាល្ខោនប្រពៃណីរបស់កម្ពុជា ដែលនាពេលបច្ចុប្បន្ននេះ មិនសូវបានសំដែងជូនទស្សនិកជននោះទេ។

លោកបានឱ្យដឹងទៀតថា មហោស្របគីហ្សូណាកម្ពុជា-ជប៉ុន ឆ្នាំ២០១៩ ជាមហោស្របដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយវប្បធម៌កម្ពុជា-ជប៉ុន ក៏ដូចជាដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យចេះស្គាល់ទាំងកន្លែងវប្បធម៌ និងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសកម្ពុជា មហោស្របគីហ្សូណា បានដើរតួនាទី ក្នុងការប្រមូលផ្ដុំវប្បធម៌ចម្រុះ រួមទាំងក្រុមអ្នកសិក្សាកម្ពុជា និងជប៉ុន ដែលបានសិក្សាថ្នាក់វិទ្យាល័យ និងសាធារណៈជនទូទៅផងដែរ។

លោកបានបន្ថែមទៀតថា យុវជនចម្រុះវប្បធម៌ទាំងនេះ គឺជាក្រុមគោលដៅធនធានមនុស្ស ដែលធ្វើការរួមគ្នាក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ កម្ពុជាបានចាត់ទុកកម្មវិធីសហប្រតិបត្តិការពិសេសនេះ ជាមូលដ្ឋានសំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ហើយតាមរយៈមហោស្របគីហ្សូណានេះ យើងនឹងអាចបានរៀនសូត្រពីសកម្មភាពវប្បធម៌ និងអប់រំ និងដើម្បីឲ្យពួកគេអាចវាយតម្លៃ ទៅលើកាលវិភាគទាននៃវប្បធម៌ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង