ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានជើងខ្លាំងចំនួន៨រូបហើយដែលបានកក់កៅអីសម្រាប់ជុំទី២

115

 

​ភ្នំពេញ:ពេលនេះមានជើងខ្លាំងចំនួន៨រូបហើយ ដែលបានកក់កៅអី សម្រាប់ការប្រកួតជម្រុះនៅជុំទី២ របស់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement ។ ជើងខ្លាំងទី៧និង ទី៨បានកក់កៅអី បន្ទាប់ពីប្រកួតឈ្នះលើដៃគូរបស់ខ្លួន កាលពីយប់ថ្ងៃទី៣០មិថុនា ។ឈាន រស្មី របស់ក្លិបខេត្តរតនគីរី បានយកឈ្នះអ្នកប្រដាល់ជើងចាស់ ដូចគ្នាគឺស៊ឹម ប៊ុនឆៃ របស់ក្លិបសំរោងកោងខេត្តបាត់ដំបង ដោយពិន្ទុដាច់តែម្ដង ។

​ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យ ឈាន រស្មីឈ្នះប៊ុនឆៃដូចគ្នា ។ ជាមួយនឹងជ័យជំនះនេះ រស្មីត្រូវត្រៀមខ្លួន ឡើងប្រកួតបន្តនៅជុំទី២ ឯ ប៊ុនឆៃ ត្រូវខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ ។

​ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធ ក៏បានកក់កៅអីសម្រាប់ឡើង ទៅប្រកួតវគ្គជម្រុះជុំទី២បន្តទៀត ដែរបន្ទាប់ពីប្រកួតឈ្នះអ្នកប្រដាល់លី តឿន ក្លិបម្កុដរាជសីហ៍ ដោយពិន្ទុដាច់ដែរនោះ ។ ការប្រកួតមានតែ៣ទឹកមែនតែចៅក្រមទាំង៥បាន ផ្ដល់ពិន្ទុឲ្យរ៉ាមីឈ្នះដូចៗគ្នា ។ឡុង រ៉ាមីត្រៀមខ្លួន ដើម្បីឡើងទៅប្រកួតវគ្គជម្រុះជុំទី២ទៀត ឯ លី តឿនបញ្ចប់បេសកកម្មត្រឹមនេះហើយ ។

​ពេលនេះក្នុងចំណោមអ្នកប្រដាល់ចំនួន៣២រូប ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ មាន៨រូបបានកក់កៅអី សម្រាប់វគ្គជម្រុះជុំទី២ ហើយក៏មាន៨រូបដែរ ដែលខ្ទាតចេញពីការប្រកួត ។

​ចំពោះការប្រកួតជាមិត្តភាព ជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់កម្ពុជាវៀត ប៊ុនឌឿនសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតចាញ់ អ្នកប្រដាល់ថៃភេច ថង(Phich Thong)ដោយពិន្ទុ ។

​ប៊ុនឌឿនមួយរយៈនេះ គេវ៉ៃខ្សោយខ្លាំងណាស់ ការប្រកួតរបស់គេជួបបរាជ័យ ផ្ទួនៗតែម្ដង ហើយស្ថានភាពនៃការប្រកួតបង្ហាញថា អ្នកប្រដាល់រូបនេះហ្វឹកហាត់ តែបន្តិចបន្តួចប៉ុណ្ណោះ ទើបកម្លាំងក៏គ្មានបច្ចេកទេសក៏គ្មាន ។ ៥ទឹកប៊ុនឌឿនភាគច្រើន គឺជាអ្នកការពារប៉ុណ្ណោះ ។

​ចំពោះគូប្រកួតក្រៅពានរង្វាន់ប៊ី ឌីណា ក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែក ត្រូវអ្នកប្រដាល់សេក គឹមរូនក្លិបអង្គរមានជ័យខេត្តសៀមរាប បង្ខំឲ្យលើកទង់ជ័យ ស ចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី៤ ៕

អត្ថបទដែលជាប់ទាក់ទង