ផឹកស៊ីស្រវឹង កើតជម្លោះ ទាញពូថៅកាប់រយះក្បាល ម្នាក់ដេកគុក ម្នាក់ដេកពេទ្យ
មណ្ឌលគិរី៖ យុវជនពីរនាក់ ផឹកស៊ីជាមួយគ្នា កើតមានជម្លោះពាក្យសម្តីរហូតដល់មានម្នាក់ រត់ទៅទាញពូថៅកាប់ទៅលើម្នាក់ទៀតរយះក្បាលហូរឈាមស្រោចខ្នួន រងរបួសធ្ងន់ ស្ថិតនៅក្នុងការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។
ហេតុការណ៍ហឹង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុច ផ្ទះជួល ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកវរសេនីយ៍ឯកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានបញ្ជាក់ថា សមត្ថកិច្ច ទើបតែទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដោយឡែក ជនដៃដល់ត្រូវបញ្ជូនទៅស្ថាប័នតុលាការ នៅរសៀលថ្ងៃទី១៦មីនានេះ។
លោកអធិការបន្តថា ក្នុងករណីខាងលើ ក្រោយការសួរនាំ បានបង្ហាញថា យុវជនពីរនាក់ខាងលើ ដែលម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជាជនរងគ្រោះ មុនពេលកើតហេតុ គឺអ្នកទាំងពីរ បានផឹកស៊ី នៅក្នុងផ្ទះជួលរបស់ រាជ ភិន ដែលស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។ នៅក្នុងពេលផឹកស៊ីនោះ ពួកគេទាំងពីរ បានកើតមានជម្លោះពាក្យសំដី ហើយជនដៃដល់ បានរត់ទៅយកពូថៅ នៅផ្ទះរបស់ខ្លួន រួចកាប់លើជនរងគ្រោះតែម្តង។
អធិការនគរបាលក្រុងសែនមនោរម្យ បញ្ជាក់ទៀតថា ជនរងគ្រោះមានឈ្មោះសុខ ចិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ រស់នៅភូមិសង្កាត់កើតហេតុខាងលើ រងរបួសក្បាល កំពុងស្ថិតនៅក្នុងបន្ទប់វះកាត់។ ជនសង្ស័យ ឈ្មោះភា វីរៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ មានស្រុកកំណើត នៅភូមិទី៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ហើយមករស់នៅភូមិសង្កាត់កើតហេតុខាងលើ។ ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក ជនសង្ស័យ ត្រូវស្ថាប័នមានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕