ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើមានមូលហេតុអ្វីបានដាច់ចរន្តអគ្គិសនី?

96

តើអ្នកកំពុងតែដាច់ចរន្តអគ្គិសនី? តើមានមូលហេតុអ្វីបានដាច់ចរន្តអគ្គិសនី? តើបញ្ហាខ្វះទឹកនៅរដូវប្រាំងពាក់ព័ន្ធអ្វីនឹងការប្រើប្រាស់ថាមពលអគ្គិសនី? នេះ បើតាមការផ្សាយរបស់មន្ទីររ៉ែនិងថាមពលខេត្តពោធិ៍សាត់នៅថ្ងៃទី 16 ខែ ខែមីនាឆ្នាំ 2019 នៅលើផេកហ្វេសប៊ុកផ្លូវការ។

មន្ទីររ៉ែនិងថាមពលខេត្តពោធិ៍សាត់ បានលើកឡើងថាក្នុងនាមជាប្រជាពលរដ្ឋ គួរតែស្វែងយល់អំពីបញ្ហារួមនៅក្នុងរដូវប្រាំង ដែលមានសភាពក្តៅហួតហែងខ្លាំងនេះ ជាជាងការការស្តីបន្ទោស ឬនិយាយដោយគ្មានមូលដ្ឋានគ្រិះត្រឹមត្រូវអំពីបញ្ហាអគ្គិសនីនៅកម្ពុជា។

ថាមពលអគ្គិសនីមួយផ្នែកធំដែលបងប្អូនប្រជាពលរដ្ឋកំពុងតែប្រើប្រាស់គឺត្រូវបានផលិតឡើងដោយប្រភពវារីអគ្គិសនី។ ហើយវារីអគ្គិសនី អាចដំណើរការទៅបាន គឺដោយសារប្រភពទឹក។ ចុះបើគ្មានប្រភពទឹក តើយើងអាចផលិតថាមពលអគ្គិសនីបានដោយរបៀបណាចំពោះវារីអគ្គិសនី? ចម្លើយគឺមិនអាចផលិតថាមពលបានទេ បើគ្មានប្រភពទឹកគ្រប់គ្រាន់។

ទឹក ជាប្រភពដ៏សំខាន់បំផុតសម្រាប់ដើរម៉ាស៊ីន ក្នុងវារី ដើម្បីផលិតអនុភាពអគ្គិសនី។ ក៏ប៉ុន្តែដោយសារតែឆ្នាំនេះរដូវប្រាំងបានអូសបន្លាយយូរខែរហូតដល់ខែមេសា និងឧសភា បានធ្វើមានបញ្ហាក្តៅហួតហែង គ្មានភ្លៀងធ្លាក់ ដែលជាប្រភពទឹកសម្រាប់ស្តុកទុកក្នុងវារី ដើម្បីផលិតថាមពលអគ្គិសនី។

ស្របពេលដែលកំពុងតែខ្វះខាតទឹក ដើម្បីផលិតថាមពល។ នៅរដូវប្រាំងដែលមានសភាពក្តៅខ្លាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានតម្រូវការប្រើប្រាស់ថាមពលកាន់តែខ្ពស់ ទៅលើម៉ាស៊ីនត្រជាក់ ទូទឹកក កង្ហា ជាដើម-ល-។ ហើយបន្ថែមពីនេះទៀត បន្ទាប់ពីបោះឆ្នោតក្នុងឆ្នាំ២០១៨កន្លងទៅនេះ មានក្រុមហ៊ុន រោងចក្រ សហគ្រាស បុរីជាដើម មានសន្ទុះគួរឲ្យគត់សម្គាល់ ដែលត្រូវការថាមពលជាយ៉ាងគំហុក។

នៅក្នុងស្ថានភាពដែលខ្វះខាតទឹកផលិតថាមពល ខណៈពេលដែលតម្រូវការប្រើប្រាស់កាន់តែខ្ពស់ថែមទៀតនោះ បានធ្វើមានភាពរអាក់រអួលក្នុងការផ្គត់ផ្គង់ថាមពលនៅផ្នែកខ្លះ នៃតំបន់មួយចំនួនបានកើតមានឡើង។

ជាការពិតណាស់ថាការដាច់ចរន្តអគ្គិសនី ជាបញ្ហាដ៏លំបាកមួយរបស់បងប្អូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ អ្នកផ្គត់ផ្គង់ថាមពលជាពិសេសអង្គភាពអគ្គិសនីកម្ពុជា តែម្តង ដែលពួកគេ កំពុងតែជួបភាពលំបាកច្រើន ជាពិសេសកំពុងតែខិតខំរកដំណោះស្រាយ ដើម្បីរកថាមពលអគ្គិសនីបន្ថែមជូនប្រជាពលរដ្ឋទាំងយប់ថ្ងៃ។

ជាក់ស្តែងថ្មីៗនេះ អគ្គិសនីកម្ពុជា បានកំពុងតែខិតពន្លឿនការសាងសង់រោងចក្រធ្យូងថ្ម ដែលមានអនុភាពសរុប ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ ដែលនឹងបញ្ចប់នៅឆ្នាំ២០២៤ និងរោងចក្រដើរដោយពន្លឺព្រះអាទិត្យដែលមានអនុភាពបន្ថែម២៤០មេហ្គាវ៉ាត់ដែលនឹងដាក់ឲ្យដំណើរការពាក់កណ្តាលឆ្នាំនេះ។

ទន្ទឹមនឹងនោះក៏មានជម្រើសការដាក់នាវារោងចក្រថាមពលរបស់ក្រុមហ៊ុនប្រទេសតួគី គឺជាវិធានការបន្ទាន់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកនៅរដូវប្រាំងនេះ។ បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងតែកំពុងតែចរចាគម្រោងផលិតវារីអគ្គិសនី និងខ្សែបណ្តាញបញ្ជូនថ្មីបន្ថែមទៀត។ ខណៈពេលដែលអគ្គិសនីកម្ពុជា បានចរចាបង្កើនការបំពេញបន្ថែមពីប្រទេសថៃ ឡាវ និងវៀតណាម។

ដូច្នេះ ក្នុងនាមជាប្រជាពលរដ្ឋគួរតែស្វែងយល់ពីកាលៈទេសៈដ៏លំបាកមួយនេះ ដែលគ្មានអ្នកផ្តល់សេវាណាមួយចង់ឲ្យអតិថិជនរបស់ខ្លួនមានភាពលំបាកនោះឡើយ។ ជាពិសេសខ្ញុំពិនិត្យឃើញថាអគ្គិសនីកម្ពុជា តែងតែខិតខំស្វែងរកដំណោះស្រាយគ្រប់សព្វបែបយ៉ាង ដើម្បីប្រជាពលរដ្ឋ។

ក្នុងនាមខ្ញុំជាអ្នកប្រើប្រាស់សេវារបស់អគ្គិសនីកម្ពុជា ម្នាក់ដែរ ខ្ញុំសូមថ្លៃងអំណរគុណ និងអរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់អគ្គិសនីកម្ពុជា ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋ២៤ ម៉ោងលើ២៤ម៉ោង ទោះបីស្ថិតនៅក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក៏ដោយ។

អត្ថបទដែលជាប់ទាក់ទង