ភ្លើងឆេះផ្ទះនៅសង្កាត់ស្ទឹងមានជ័យ២ អស់ជិត៥០ខ្នង
(ភ្នំពេញ)៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុម៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ឆេះផ្ទះអស់ប្រមាណ៤៨ខ្នង នៅ ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។
លោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ឲ្យដឹងថា ជុំវិញករណីអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ចំនួន១៧គ្រឿង ក្នុងនោះរួមមាន ឡានទឹកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១៥គ្រឿង, ស្រាបៀរកម្ពុជា១គ្រឿង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ១គ្រឿង។
លោកបានអះអាងថា ផ្ទះនៅតំបន់នេះ មានលក្ខណៈណែនចង្អៀត ជាប់ៗគ្នា ដោយភាគច្រើនជាផ្ទះសង់អំពីឈើ ហើយពិបាកចូលទៅបាញ់ទឹកពន្លត់។
គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ ឬប៉ះពាល់ដល់អាយុជីវិតនោះទេ។ ដោយឡែក សម្រាប់មូលហេតុ និងចំនួនផ្ទះដែលត្រូវបានបំផ្លាញ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយ៕