ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ៥១គ្រួសារបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ប្រជាពលរដ្ឋ ចំនួន៥១គ្រួសារបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា ក្រោយពីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់កាលពីល្ងាចថ្ងៃទី១៧មិនាឆ្នាំ ២០១៩ កន្លងមកនេះ។
ពិធីប្រគល់អំណោយខាងលើនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨មិនាឆ្នាំ ២០១៩ក្រោមវត្តមានលោកឃួង ស្រេងប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ហើយអំណោយដែលទទួលបានរួមមាន ឆ្នាំងបាយ តង់ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អង្ករ ត្រីខ ធុងទឹកកក តែ ទឹកដោះគោ ទឹកក្រូច ទឹកបរិសុទ្ធនិងថវិកាចំនួន ៥ ម៉ឺនរៀលក្នុងមួយគ្រួសារ។
លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្តេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនដែលងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងមិនមាន ការរើសអើងឡើយ។ ជាក់ស្ដែងនៅពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈសាខាកាកបាទក្រហមរាជធានីភ្នំពេញ បាននាំយកអំណោយមកចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យទាំង៥១គ្រួសារនាពេលនេះ។
លោកឃួងស្រេងបានបន្តទៀតថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងបានណែនាំឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ចុះតាមដានមើល ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការអត់អាហារនោះទេ។ ក្នុងឱកាសនោះដែរលោកឃួងស្រេងក៏បានជម្រាបដល់ ប្រជាពលរដ្ឋទាំងអស់ថានបើសិនជាប្រជាពលរដ្ឋណាម្នាក់មាន បញ្ហាខ្វះខាតក្នុងជីវភាពរស់នៅ បងប្អូនអាចទៅទំនាក់ទំនងនៅគណបក្សសង្កាត់ គណបក្សខណ្ឌក៏ដូចជា គណបក្សរាជធានីដើម្បីឲ្យមន្ត្រីរបស់យើង ជួយអន្តរាគមន៍ ។
ពាក់ព័ន្ធនឹងការឆាបឆេះដោយអគ្គីភ័យនាពេលនេះលោកឃួងស្រេងបានក៏បានសម្ដែង នូវការសោកស្ដាយចំពោះការបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋទាំង៥១គ្រួសារ ។ លោកបញ្ជាក់ផងដែរថាកាលដែល អគ្គីភ័យឆាប់ឆេះរហូតដល់ ៥១គ្រួសារនេះគឺដោយសារតែផ្លូវមានលក្ខណៈចង្អៀត យើងមិនអាចចូលរថយន្តពន្លត់អគ្គីភ័យ បានទាន់ពេលទើបបណ្ដាលឲ្យមាន ការរាលដាលឆេះ រហូតដល់អស់រាប់សិបខ្នងបែបនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបានអំពាវនាវឲ្យប្រជាប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដោយមុនចាក់ចេញ ដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនីក៏ដូចជាភ្លើងទៀន ធូប ចង្ក្រានឲ្យបានរួចរាល់ ដោយសារថាគ្រោះអគ្គីភ័យនេះ វាធ្វើអោយគ្រួសារយើងវិនាសហិនហោច ទាំងផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ដូចពាក្យចាស់លោកគឺពោលថាស៊ូលិចទូកកណ្ដាលទន្លេ កុំអោយភ្លើងឆេះផ្ទះ ដូច្នេះយើងត្រូវរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា។
គួរបញ្ជាក់ថាអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង២០នាទីរសៀលថ្ងៃទី១៧ ខែមីនា នៅចំណុចក្បែរទីលានចាក់សំរាមស្ថិតនៅក្នុងក្រុមទី៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
អាជ្ញាធរនិយាយថាទីតាំងដែលាំងដែលែលឆេះនេះគឺជាសំណង់មិនរៀបរយដោយ សាងសង់ជាផ្ទះតូចៗ មិនមានផ្លូវធំសម្រាប់ឲ្យរថយន្តពន្លត់អគ្គិភ័យចូលទៅបាញ់ពន្លត់បានឡើយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមត្ថកិច្ច បានប្រើប្រាស់ឡានទឹកអស់ចំនួន១៧គ្រឿង ក្នុងនោះរួមមាន ឡានទឹកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១៥គ្រឿង, ស្រាបៀរកម្ពុជា១គ្រឿង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ១គ្រឿងបានបាញ់ពន្លត់រ ហូតដល់ម៉ោង១៦និង១០នាទីល្ងាច ទើបអគ្គិភ័យបានរលត់ទៅវិញ ដោយបានធ្វើអោយផ្ទះប្រមាណ៤៨ខ្នងត្រូវបាន ឆាប់ឆេះក្លាយជាផេះ។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ គឺដោយសារទុស្សេខ្សែភ្លើង ប៉ុន្តែពុំមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ៕