ឃាត់ខ្លួនជនជាតិចិន ០២នាក់ ពីបទបង្ករបួសស្នាម
កែប៖ មានករណីប្រើហិង្សា បង្កឡើងដោយជនល្មើស ០២នាក់ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២០និង១៥នាទី បានយកដបវាយលើជនរងគ្រោះ នៅចំណុចស្រែចិញ្ចឹមបង្គា ស្ថិតនៅភូមិ-សង្កាត់កែប ក្រុងកែប ខេត្តកែប។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមាន ១-ឈ្មោះ Jiang Yourong ភេទប្រុស អាយុ ៤៣ឆ្នាំ និង២-ឈ្មោះ Guo Yuewei ភេទប្រុស អាយុ ៤៤ឆ្នាំ ទៅលើជនរងគ្រោះ ០២នាក់ មាន ១-ឈ្មោះ Jiang Yunwen ភេទប្រុស អាយុ ៥៣ ឆ្នាំ និង២-ឈ្មោះ Jiang Di ភេទប្រុស អាយុ ២៨ឆ្នាំ បណ្តាលឲ្យជនរងគ្រោះបែកក្បាលទាំងពីរនាក់។
លោកឧត្តមសេនីយ៍ត្រី ប៉ែន តារា ស្នងការនគរបាលខេត្តកែប បានបញ្ជាកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះទៅដល់ទីកន្លែងកើតហេតុ ដោយមានការអនុញ្ញាត ពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ឲ្យឃាត់ខ្លួនជនបង្កមកស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីចាត់ការបន្តតាមច្បាប់ ដោយឡែកជនរងគ្រោះ សមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប និងបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ៕