ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារព័ត៌មាន របស់ប្រទេសជប៉ុន បានផ្សាយថា ជនជាតិជប៉ុនពីរនាក់នោះ ដោយសារជំពាក់លុយធនាគារ ទើបប្លន់រថយន្ត

165

ភ្នំពេញ:
ករណីជនជាតិជប៉ុន២នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកពួកចាប់ខ្លួន ជាប់ពាក់ព័ន្ធនឹងធ្វើសកម្មភាពអារ-កសម្លាប់អ្នកបើករថយន្តរត់តាក់ស៊ី ត្រូវបានសារព័ត៌មានរបស់ប្រទេសជប៉ុនផ្សាយថា ដោយសារជំពាក់លុយធនាគារ ៣៥០០០ដុល្លរ គ្មានសមត្ថភាពសង ក៏បែកគំនិត ប្លន់បែបហ្នឹង កាលវេលាម៉ោង១៧:០០នាទី ថ្ងៃទី១៧ខែមីនាឆ្នាំ២០១៩ ម្សិលមិញ នៅចំណុចខាងលិចជញ្ជីងថ្លឹងរថយន្ដ ស្ថិតក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់បញ្ជូនទៅតុលាការ។

ជនសង្ស័យ ទី១.ឈ្មោះ ISHIDA KEIMON ភេទប្រុស ឆ្នាំកំណើត ១៩៩៥ និងទី២.ឈ្មោះ NAKAKUKI RYUJI ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ទាំងពីរនាក់នេះ ជាជនជាតិជប៉ុន ។

ជនរងគ្រោះដែលជាម្ចាស់រថយន្ត មានឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិ ជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន រស់នៅភូមិបឹងដូនប៉ា សង្កាត់ ស្លរក្រាម ក្រុង/ខេត្តសៀមរាប ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជនជាតិជប៉ុនចំនួន២នាក់ ជាប់សង្ស័យលើករណីឃាតកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពួកចាប់ខ្លួនបាន ក្នុងពេលរត់គេចខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព អារ-ក សម្លាប់អ្នកបើករថយន្តរត់តាក់ស៊ី បណ្តាលឲ្យស្លាប់ភ្លាមៗ រួចរុញសពជនរងគ្រោះទម្លាក់មកលើផ្លូវ ហើយបើករថយន្តចេញពីកន្លែងកើតហេតុ ខណៈហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១៧ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

តាមប្រភពបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហាយឡិនឌឺ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ ២AB ៥២១៨ បានបើកមកឈប់នៅកន្លែងកើតហេតុ រួចក៏ស្រាប់តែគេឃើញមានការប្រតាយប្រតប់គ្នារវាងអ្នកបើករថយន្ត និងអ្នកជិះ ហើយបន្តិចក្រោយមក ក៏ឃើញអ្នកបើករថយន្តដែលខ្លួនប្រាណប្រលាក់ជោគដោយឈាមត្រូវគេទម្លាក់ចេញពីរថយន្ត រួចមនុស្សដែលនៅក្នុងរថយន្តក៏បើក រថយន្តគេចចេញពីកន្លែងកើតហេតុឆ្ពោះមកទិសខាងកើត ក្នុងបំណងចូលក្រុងសៀមរាប តែចៃដន្យអាក្រក់រថយន្តនោះបើករត់បានប្រមាណចម្ងាយប្រហែល៣០០ម៉ែត្រ បានបុកជាមួយគោយន្ដកន្រ្ដៃយ៍ដឹកស្រូវ ស្របទិសគ្នាទៅមុខលែងរួច បន្ទាប់មកជនសង្ស័យទាំង២នាក់បានចុះរត់កាត់វាលស្រែ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ៕

អត្ថបទដែលជាប់ទាក់ទង